វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត
ហាណូយ៖ លោក ង្វៀន ក្វុកហ៊ុង (Nguyen Quoc Hung) ប្រធាននាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រកាសថា វៀតណាមនឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត ខណៈប្រទេសសង្គមនិយមមួយនេះ កំពុងព្យាយាមគេចចេញពីការរងផលប៉ះពាល់ដោយការដាក់ពន្ធរបស់សហរដ្ឋអាម៉េរិក ក៏ព្រោះតែអតិរេកពាណិជ្ជកម្មទ្វេភាគីដ៏ធំរបស់ខ្លួន។
លោក ហ៊ុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បង្ហោះនៅលើគេហទំព័រក្រសួង កាលពីថ្ងៃអង្គារទី២៥មីនាថា៖«ពន្ធលើឧស្ម័នធម្មជាតិរាវ LNG នាំចូលពីអាម៉េរិកនឹងត្រូវ កាត់បន្ថយពី៥មកត្រឹម២ភាគរយ ពន្ធលើរថយន្តពីចន្លោះពី៤៥ ទៅ៦៤ភាគរយមកត្រឹម៣២ភាគរយ និងលើអេតាណុលពី១០មកត្រឹម៥ភាគរយ»។
លោក ហ៊ុង បញ្ជាក់បន្ថែមថា ការកាត់បន្ថយពន្ធមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមតុល្យពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មរបស់វៀតណាម ដោយបន្ថែមថា សហរដ្ឋអាម៉េរិក និងវៀតណាម ឥឡូវមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប៉ុន្តែមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ។
លោកបន្តថា វៀតណាមក៏នឹងដកពន្ធរបស់ខ្លួនលើអេតានរបស់អាម៉េរិកដែរ។ ទំនិញនាំចូលពីអាម៉េរិកផ្សេងទៀត នឹងត្រូវបន្ធូរបន្ថយពន្ធរួមមានភ្លៅមាន់ អាល់ម៉ុន ផ្លែប៉ោម ផ្លែឈែរី និងផលិតផលឈើ។ ក្រឹត្យស្តីពីការកាត់បន្ថយពន្ធនឹងរួចរាល់ក្នុងខែនេះ ហើយនឹងចូលជាធរមានបន្ទាប់ពីនោះ។ មែនទែនទៅ ប្រទេសកុម្មុយនីស្ដវៀតណាមមិនទាន់បាននាំចូលឧស្ម័នធម្មជាតិរាវ LNG ពីសហរដ្ឋអាម៉េរិកនៅឡើយទេ ប៉ុន្តែប្រទេសនេះកំពុងពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់របស់សហរដ្ឋអាម៉េរិក សម្រាប់រោងចក្រថាមពល ដែលគ្រោងនឹងចាប់ផ្តើមផលិតថាមពល នៅខែមិថុនាឆ្នាំនេះ។
ការកាត់បន្ថយពន្ធនេះ គឺជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ដែលមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍ បានចាប់ផ្តើមកាលពីសប្តាហ៍មុន ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្ម របស់ខ្លួនជាមួយរដ្ឋធានីវ៉ាស៊ីនតោន ដែលមានលើសពី១២៣ពាន់លានដុល្លារកាលពីឆ្នាំមុន៕