សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានក្តីសង្ឃឹមថា នៅឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីខេត្តព្រះសីហនុ មានសក្តានុពលសេដ្ឋកិច្ចធំយ៉ាងណាក៏ដោយ បើគ្មានធនធានមនុស្សមិនអាចជំរុញសក្តានុពលសេដ្ឋកិច្ចបាននោះឡើយ។
សម្តេចបវរធិបតី បានបន្តថា ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពល ហើយកត្តាសន្តិសុខនេះ គឺដាច់ខាតត្រូវតែធ្វើ និងធនាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈអាជ្ញាធរ នាពេលកន្លងធ្វើបានល្អហើយ ប៉ុន្តែនៅមានបញ្ហាខ្លះៗ ហើយអាជ្ញាធរត្រូវខិតខំរួមគ្នា ដើម្បីធ្វើកិច្ចការងារនេះជាបន្តទៀត។
សម្តេចបវរធិបតី បានមានប្រសាសន៍ថា «ហើយសង្ឃឹមថា ២០២៥នេះ យើងនឹងអាចឈានទៅដល់ ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលសុវត្ថិភាពល្អ យើងនៅបន្តធ្វើទៀត»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្រៅពីនោះ ខេត្តផ្សេងៗ ដូចគ្នាដែរ គឺត្រូវធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងប្រជាពលរដ្ឋ ជាដើម។ សម្តេច ថា ឥឡូវនេះ នៅរាជធានីភ្នំពេញ ម៉ោង២ ឬម៉ោង៣ភ្លឺ នៅមានប្រជាពលរដ្ឋដើរលេងកម្សាន្ត ៕