លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ
វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក JD Vance អនុប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី២៥ ខែមីនាថាលោកនឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុង សប្ដាហ៍នេះជាដែនដីមួយដែលលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទទូចថាទីក្រុងវ៉ាស៊ីនតោនគួរតែជាអ្នកគ្រប់គ្រង។
លោក ដូណាល់ ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកគួរតែគ្រប់គ្រងលើដែនដី Greenland ដោយសំអាងថាដែនដីនេះមានសារៈសំខាន់សម្រាប់សន្តិសុខជាតិអាមេរិក។ ប៉ុន្តែ ការអះអាងនេះត្រូវបានរដ្ឋាភិបាលដាណឺម៉ាក និង Greenland ច្រានចោល ហើយបង្ហាញការប្រឆាំងជំទាស់ទៅនឹងការគ្រប់គ្រងណាមួយរបស់សហរដ្ឋអាមេរិក។
មួយវិញទៀត ការស្ទង់មតិជាច្រើន ក៏បានបញ្ជាក់ដែរថាប្រជាជន Greenland ស្ទើរតែទាំងអស់ប្រឆាំងនឹងការចូលរួមជាមួយសហរដ្ឋអាមេរិក។ Greenland គឺជាដែនដីស្វយ័តមួយស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញរបស់ដាណឺម៉ាក ដែលនេះ មានន័យថារាល់ការផ្លាស់ប្ដូរណាមួយនឹងតម្រូវឱ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
គួរបញ្ជាក់ថា គណៈប្រតិភូអាមេរិកដឹកនាំដោយលោក JD Vance នឹងផ្ដើមបំពេញទស្សនកិច្ចទៅកាន់ដែនដី Greenland ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍សប្ដាហ៍នេះ៕