មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក ដែលបានចេញផ្សាយនៅថ្ងៃអង្គារទី២៥មីនា បានឱ្យដឹងថា មហាយក្សចិននៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក។
របាយការណ៍បានឱ្យដឹងថា ចិនមានសមត្ថភាពក្នុងការវាយលុកសហរដ្ឋអាម៉េរិកដោយអាវុធធម្មតា ជ្រៀតចូលហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាម៉េរិក តាមរយៈការវាយប្រហារតាមអ៊ីនធឺណិត និងកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់អាម៉េរិកនៅក្នុងរំហ ដោយបន្ថែមថា រដ្ឋធានីប៉េកាំងមានបំណងដណ្តើមតំណែងជាមហាអំណាចផ្នែកបញ្ញាសិប្បនិម្មិត AI ពីសហរដ្ឋអាម៉េរិកនៅឆ្នាំ២០៣០។
របាយការណ៍ ក៏បង្ហាញពីសមត្ថភាពជឿនលឿនរបស់យោធាចិន រួមទាំងអាវុធល្បឿនលឿន យន្តហោះបំបាំងកាយ នាវាមុជទឹកទំនើប និងទ្រព្យសម្បត្តិសង្គ្រាមតាមអ៊ីនធឺណិត និងឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងមុន។
ទន្ទឹមគ្នានោះ របាយការណ៍បានអះអាងថា រុស្ស៊ី រួមជាមួយនឹងអ៊ីរ៉ង់ កូរ៉េខាងជើង និងចិន ព្យាយាមប្រជែងជាមួយសហរដ្ឋអាម៉េរិក ខណៈសង្រ្គាមរបស់រដ្ឋធានីមូស្គូក្នុងប្រទេសអ៊ុយក្រែនជាមេរៀនសម្រាប់បណ្តាប្រទេសទាំងនេះ ដើម្បីស្វែងយល់ពីការប្រយុទ្ធប្រឆាំងនឹងអាវុធរបស់លោកខាងលិច និងការស៊ើបការណ៍សម្ងាត់នៅក្នុងសង្រ្គាមទ្រង់ទ្រាយធំមួយ៕