ប្រមុខការទូតចិន និងព័រទុយហ្គាល់ ជួបពិភាក្សាគ្នា ដោយអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន បានជួបជាមួយសមភាគីព័រទុយហ្គាល់នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃអង្គារទី២៥មីនា ដោយអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប។
ប្រមុខការទូតចិន លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ លោក ប៉ូឡូ រ៉ាងជែល (Paulo Rangel) ថា ចិននឹងធ្វើការជាមួយប្រទេសព័រទុយហ្គាល់ ដើម្បីលើកកម្ពស់ទំនាក់ទំនងចិន-អឺរ៉ុប។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
លោក វ៉ាង បានបរិយាយថា ចិនចាត់ទុកអឺរ៉ុបជាប៉ូលដ៏សំខាន់មួយនៅក្នុងពិភពពហុប៉ូល ហើយគាំទ្រអឺរ៉ុបក្នុងការរក្សាស្វ័យភាពជាយុទ្ធសាស្ត្ររបស់ខ្លួន។
ដំណើរទស្សនកិច្ចរបស់លោក រ៉ាង ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ព័រទុយហ្គាល់ ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ បានកើតឡើងនៅពេលដែលប្រទេសជាសមាជិកសហភាពអឺរ៉ុប មានការព្រួយបារម្ភចំពោះការរំពឹងទុកនៃសង្រ្គាមពាណិជ្ជកម្មជាមួយទាំងរដ្ឋធានីវ៉ាស៊ីនតោន និងប៉េកាំង។
ក្រៅពីប្រមុខការទូតព័រទុយហ្គាល់ រដ្ឋមន្ត្រីការបរទេសបារាំង និងប្រធានព្រឹទ្ធសភាអ៊ីតាលី សុទ្ធតែគ្រោងនឹងធ្វើទស្សនកិច្ចទៅប្រទេសចិន និងជួបជាមួយមន្ត្រីកំពូលៗរបស់ចិន ក្នុងសប្តាហ៍នេះ។
សហរដ្ឋអាម៉េរិក គឺជាគោលដៅចម្បងសម្រាប់ការនាំចេញរបស់ព័រទុយហ្គាល់ នៅខាងក្រៅសហភាពអឺរ៉ុប ខណៈព័រទុយហ្គាល់ គឺជាប្រទេសតែមួយគត់នៅអឺរ៉ុបខាងលិចដែលនៅតែចុះហត្ថលេខាលើផែនការហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសដ៏ល្បីរបស់រដ្ឋធានីប៉េកាំង ពោលគឺគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។
កាលពីឆ្នាំមុន ប្រទេសព័រទុយហ្គាល់ បានបដិសេធពីការបោះឆ្នោតរបស់សហភាពអឺរ៉ុប ដើម្បីដាក់ពន្ធលើរថយន្តអគ្គិសនីដែលផលិតដោយចិន ហើយបានស្វាគមន៍ការវិនិយោគរបស់ចិនពីឧស្សាហកម្មនេះ។