ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលផ្តោតលើការបណ្តុះទេពកោសល្យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា ត្រូវបានប្រារព្ធធ្វើឡើង ជាមួយនឹងការដាក់ដំណើរការគំនិតផ្តួចផ្តើមនវានុវត្តន៍ចំនួន៤ និងវេទិកាស្តីពីបញ្ញាសិប្បនិម្មិត (AI) ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពស់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា៖ ទិវាជាតិលើកទី៣ ក្រោមមូលបទ “បណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍” នេះ បានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ សិស្ស-និស្សិត អ្នកដឹកនាំឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍មកពីទូទាំងតំបន់ រួមមានកម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន កូរ៉េ និងអង្គការសហប្រជាជាតិ ដើម្បីជំរុញកិច្ចសហការ និងពន្លឿនបរិវត្តកម្មកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចដែលផ្អែកលើចំណេះដឹង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើកឡើងថា៖ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចបាននូវឆន្ទៈប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន គ្រប់ជ្រុងជ្រោយនៅឆ្នាំ២០៥០។ ការវិនិយោគលើមូលធនមនុស្សក្នុងវិស័យអាទិភាព ជាមូលដ្ឋានមិនអាចបង្អង់ពេល និងត្រូវយកចិត្តទុកដាក់ខ្ពស់ ដូចជាការបង្កើតចំណេះដឹងតាមរយៈការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថាស្ទែម»។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «ការអភិវឌ្ឍវិស័យនេះពុំអាចសម្រេចទៅបាននោះទេ បើគ្មានប្រព័ន្ធអេកូឡូស៊ីមួយសមស្របប្រកបដោយនវានុវត្តន៍។ ដើម្បីគាំទ្រប្រព័ន្ធនវានុវត្តន៍នេះ ធនធានមនុស្យដែលមានទេពកោសល្យគឺជាកត្តាចម្បងកំណត់នូវគ្រឹះសម្រាប់ភាពជោគជ័យ» ៕