វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង
ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង។
រដ្ឋាភិបាលសង្គមនិយមវៀតណាម បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានដែនកំណត់លើភាពជាម្ចាស់បរទេស នៃសេវាកម្មនេះទេ ដោយបន្ថែមថា ការសាកល្បងនឹងមានរយៈពេលរហូតដល់ចុងឆ្នាំ២០៣០។
ការអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិកបើកដំណើរការសេវាអ៊ីនធឺណិតរបស់ខ្លួន ត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថា ជាវិធានការមួយក្នុងចំណោមវិធានការដែលមជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍បានអនុវត្ត ដើម្បីជៀសវាងការរងការដាក់ពន្ធពីសំណាក់សហរដ្ឋអាម៉េរិក។
ក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យផ្តល់ផែនការសេវាថេរ និងចល័តនៅទូទាំងប្រទេសវៀតណាម រួមទាំងសេវាកម្មនៅលើជើងហោះហើរផងដែរ។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ថា តើក្រុមហ៊ុន SpaceX បានដាក់ពាក្យសុំអាជ្ញាបណ្ណដើម្បីបើកដំណើរការសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាមឬយ៉ាងណានោះទេ? Starlink ប្រតិបត្តិការនៅក្នុងទីផ្សារជាង១២០នៅទូទាំងពិភពលោក។