អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
ភ្នំពេញ៖ ទោះបីការងារមមាញឹកយ៉ាងណាក៏ដោយក៏ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មិនភ្លេចភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ដែរ ព្រោះថា ភូមិនេះទើបតែបង្កើតថ្មី រៀបចំកសាងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ហើយបន្តមក សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧នៃរដ្ឋសភាសព្វថ្ងៃនេះ។
ជាក់ស្ដែងនាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិបាលខេត្ត បានចុះពិនិត្យមើលការរៀបចំសោភ័ណភាពសាលារៀន មណ្ឌលសុខភាព ការស្ថាបនាផ្លូវថ្នល់ ស្ពាន លូ ការបុកអណ្ដូងទឹក ប្រព័ន្ធទឹកភ្លើង និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាអតីតយុទ្ធជនជាង៦០០គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនោះ។
ឯកឧត្តម ខូយ រីដា សូមឲ្យនាយកសាលា និងលោកគ្រូអ្នកគ្រូ ត្រូវចេះសាមគ្គីគ្នាឲ្យបានរឹងមាំ បង្រៀនសិស្សឲ្យមានគុណភាព អប់រំសិស្សឲ្យមានសីលធម៌ល្អ ចេះអនាម័យបរិស្ថាន និងត្រូវរៀបចំបរិវេណសាលា ឲ្យមានរបៀបរៀបរយ មានសោភ័ណភាព គ្មានសំរាម គ្មានភក់ជ្រាំ ដើម្បីឈានទៅប្រកួតប្រជែងសាលាស្ដង់ដា នៅទូទាំងប្រទេស តាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។ ដោយឡែកមណ្ឌលសុខភាព ក៏ត្រូវរៀបចំឲ្យមានសោភ័ណភាព មានអនាម័យបរិស្ថាន យកចិត្តទុកដាក់ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺឲ្យបានត្រឹមត្រូវ តាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ។
ឯកឧត្តមអភិបាលខេត្ត សូមឲ្យក្រុមស្ថាបនាផ្លូវ ស្ពាន ដាក់លូ និងបុកអណ្ដូងទឹក ត្រូវជម្រុញការសាងសង់ឲ្យបានឆាប់រហ័ស ដោយធានាទាំងគុណភាព សោភ័ណភាព ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ស្របតាមគោលបំណងរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចសម្ដេចបវរធិបតី ដែលលោកយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះការរៀបចំអភិវឌ្ឍភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះ សម្រាប់បងប្អូនអតីតយុទ្ធជន។
ជាមួយគ្នានេះ ឯកឧត្តម ខូយ រីដា សូមឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ រស់នៅត្រូវចេះរៀបចំភូមិដ្ឋាន ផ្ទះសម្បែងឲ្យបានល្អ មានអនាម័យបរិស្ថាន មានការដាំដុះដំណាំឈើហូបផ្លែ បន្លែបង្កាគ្រប់មុខ និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីដោះស្រាយជីវភាពគ្រួសារ។
បន្ទាប់មក ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូរួមដំណើរ បានបន្តដំណើរទៅពិនិត្យមើលទំនប់នង្ហៀរ នៅក្នុងភូមិសាស្ត្រ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនោះ ព្រមទាំងបានដើររើសសំរាមប្រមូលដុត ដើម្បីជាគម្រូល្អសម្រាប់អ្នកទៅលេងទីនោះផងដែរ ៕