WFP៖ កម្មវិធីជួយទប់ស្កាត់កង្វះអាហារូបត្ថម្ភចំពោះកុមារ នៅក្នុងប្រទេសយេម៉ែន អាហ្គានីស្ថាន និងស៊ីរី អាចត្រូវបានផ្អាកក្នុងរយៈពេលប៉ុន្មានខែ ប្រសិនបើមូលនិធិបន្ទាន់មិនអាចរកបាន
ហ្សឺណែវ៖ កម្មវិធីជួយទប់ស្កាត់កង្វះអាហារូបត្ថម្ភចំពោះកុមារ នៅក្នុងប្រទេសយេម៉ែន អាហ្គានីស្ថាន និងស៊ីរី អាចត្រូវបានផ្អាកក្នុងរយៈពេលប៉ុន្មានខែ ប្រសិនបើមូលនិធិបន្ទាន់មិនអាចរកបាន។ នេះជាការព្រមានរបស់កម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធទី២៦មីនា។
លោកស្រី ស៊ីនឌី ម៉ាកខេន(Cindy McCain) នាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា WFP បាននិយាយនៅមុនកិច្ចប្រជុំកំពូលនៅរដ្ឋធានីប៉ារីសកាលពីថ្ងៃពុធ ដែលរដ្ឋាភិបាល និងអង្គការសប្បុរសធម៌ នឹងពិភាក្សាគ្នាអំពីការកើនឡើងនៃកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លានជាសកលថា៖«ប្រសិនបើយើងបរាជ័យក្នុងការធ្វើសកម្មភាព កុមាររាប់លាននាក់នឹងរងទុក្ខវេទនាពេញមួយជីវិត»។
WFP បានទទួលរងនូវវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីសហរដ្ឋអាម៉េរិក ជាម្ចាស់ជំនួយដ៏ធំបំផុតតែមួយគត់របស់ខ្លួន បានប្រកាសផ្អាករយៈពេល៩០ថ្ងៃលើជំនួយបរទេស។
សហរដ្ឋអាម៉េរិក បានផ្តល់ថវិកាចំនួន៤,៥ពាន់លានដុល្លារនៃថវិកាចំនួន៩,៨ ពាន់លានដុល្លារ កាលពីឆ្នាំមុនសម្រាប់ WFP ដែលផ្តល់ជំនួយស្បៀងអាហារ និងសាច់ប្រាក់ដល់ប្រជាជនទទួលរងគ្រោះពីភាពអត់ឃ្លានដោយសារការខ្វះខាតដំណាំ ជម្លោះ និងការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក។
អង្គការនេះបានអំពាវនាវកាលពីថ្ងៃពុធសម្រាប់ថវិកាចំនួន១,៤ពាន់លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីការពារ និងព្យាបាលកង្វះអាហារូបត្ថម្ភសម្រាប់ម្តាយ និងកុមារ៣០ លាននាក់នៅក្នុង៥៦ប្រទេសក្នុងឆ្នាំ២០២៥ ដោយលើកឡើងថា កង្វះអាហារូបត្ថម្ភកាន់តែអាក្រក់នៅទូទាំងពិភពលោក ដោយសារតែសង្គ្រាម អស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ។ យ៉ាងណាមិញ អង្គការនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីកង្វះខាតហិរញ្ញវត្ថុរបស់ខ្លួន ឬនិយាយអំពីសហរដ្ឋអាម៉េរិកទេ។
WFP បានបញ្ជាក់ថា កម្មវិធីបង្ការនៅក្នុងប្រទេសយេម៉ែន មួយភាគបីនៃកុមារអាយុក្រោម៥ឆ្នាំ មានកង្វះអាហារូបត្ថម្ភអាចបញ្ឈប់ពីខែឧសភា ប្រសិនបើមូលនិធិបន្ថែមមិនត្រូវបានទទួល។ ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បានបង្ហាញកាលពីថ្ងៃអង្គារថា តំបន់ឆ្នេរសមុទ្ទភាគខាងលិចនៃប្រទេសយេម៉ែន កំពុងស្ថិតក្នុងដំណាក់កាលនៃគ្រោះមហន្តរាយដោយសារតែកង្វះអាហារូបត្ថម្ភ។ កម្មវិធីនៅក្នុងប្រទេសអាហ្គានីស្ថាន ក៏អាចនឹងត្រូវបញ្ឈប់នៅខែឧសភាផងដែរ ខណៈកម្មវិធីនៅប្រទេសស៊ីរី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អាចត្រូវបានកាត់បន្ថយចាប់ពីខែមិថុនា រហូតទាល់តែរកលុយបាន។
កាលពីដើមខែនេះ WFP បានប្រកាសកាត់បន្ថយជំនួយអាហារសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមបុគ្គលិកជំនួយនៃការកើនឡើងភាពអត់ឃ្លាននៅក្នុងជំរំមានមនុស្សច្រើន។
យោងតាម WFP ការកាត់បន្ថយនេះ គឺដោយសារតែកង្វះខាតយ៉ាងខ្លាំងក្នុងការបរិច្ចាគ មិនពាក់ព័ន្ធនឹងវិធានការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយជំនួយបរទេសជាសកលនោះទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់បង់ក្លាដែស បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ចំណាត់ការរបស់សហរដ្ឋអាម៉េរិក ក៏ទំនងជាហេតុផលចម្បងនៅពីក្រោយរឿងនេះផងដែរ ដោយសារសហរដ្ឋអាម៉េរិកជាអ្នកផ្តល់ជំនួយកំពូលសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៕