បណ្ឌិត កៅ ថាច ចុះពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ស្ថិតនៅសង្កាត់អូរម៉ាល់ ខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលកសិដ្ឋានផលិតកូនត្រីពូជ សុភមង្គល ដើម្បីលក់ទៅអ្នកចិញ្ចឹម ដែលមានទីតាំងស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ពិនិត្យមើលទីតាំង ផលិតកូនត្រី ភ្ញាស់ និងបង្កាត់ ពូជត្រីជាច្រើនប្រភេទ ដើម្បីលក់ទៅឲ្យអ្នកចិញ្ចឹម ដែលក្នុងនោះ រួមមាន៖ ពូជត្រីប្រា, កូនត្រីឆ្ពិន, ត្រីរ៉ស់ និងត្រីអណ្ដែងកូនកាត់ ដែលមានស្រះប្រមាណ ៣៩ស្រះផងដែរ សម្រាប់ផ្គត់ផ្គង់ និងចែកចាយបន្តទៅតាមបណ្តាខេត្ត។
យោងតាមម្ចាស់កសិដ្ឋានផលិតកូនត្រីខាងលើបង្ហាញថា កសិដ្ឋាននេះ កាលពីឆ្នាំ២០២៤ បានផលិតកូនត្រីពូជ លក់កូនត្រីបានជាង ១លានកូន លើទីផ្សារក្នុងស្រុកហើយឆ្នាំ២០២៥នេះ គ្រោងនឹងផលិតបន្ថែមទៀតជាមួយនឹងការរៀបចំផ្សារត្រីបោះដុំដ៏ធំមួយដើម្បីរៀបចំកន្លែងលក់ និងចែកចាយបន្តលើទីផ្សារដែលកំពុងតែមានតម្រូវការខ្ពស់ផងដែរ។
ស្របពេលជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញឆ្លៀតពេលវេលា ចុះពិនិត្យមើលកន្លែងចិញ្ចឹមគោបំប៉នយកសាច់លក់មួយកន្លែងទៀត ស្ថិតនៅឃុំគន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង របស់លោក ប៉ិច សុខមេត ដែលកំពុងចិញ្ចឹមគោចំនួនជាង៧០ក្បាលសម្រាប់បំប៉នសាច់លក់ផងដែរ។
សូមជម្រាបថា កសិដ្ឋានចិញ្ចឹមគោរបស់លោក ប៉ិច សុខមេត ខាងលើគឺ បានចាប់ផ្តើមមុខរបរ តាំងពីឆ្នាំ២០១៨មក រហូតដល់បច្ចុប្បន្ន ដែលទទួលបានការគាំទ្រឥណទានពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក្នុងអត្រាការប្រាក់អនុគ្រោះផងដែរ។
បើទោះបីជាថ្មីៗនេះ តម្លៃគោរស់ ជួបបញ្ហាតម្លៃថយចុះបន្តិចពី ៧៥០០រៀល ទៅ ៨០០០រៀលក្នុង១គីឡូក្រាមក៏ដោយ ប៉ុន្តែកសិកររូបនេះនៅតែតស៊ូលើមុខរបរនេះជានិច្ច ជាមួយនឹងការពង្រីកការចិញ្ចឹមបន្ថែមទៀត ៕