ក្រសួងសុខាភិបាល និងសេវាសុខភាពប្រជាជនអាម៉េរិកលុបចោលជំនួយរបស់សហព័ន្ធប្រហែល១២ពាន់លានដុល្លារដល់រដ្ឋនានា ដែលត្រូវបានបែងចែកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩
វ៉ាស៊ីនតោន៖ បើតាមនាយកដ្ឋានសហព័ន្ធ និងមន្ត្រីរដ្ឋកាលពីថ្ងៃពុធទី២៦ មីនា បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសេវាសុខភាពប្រជាជនអាម៉េរិក (HHS) បានលុបចោលជំនួយរបស់សហព័ន្ធប្រហែល១២ពាន់លានដុល្លារដល់រដ្ឋនានា ដែលត្រូវបានបែងចែកក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។
សមាជិកសភា និងបណ្តាអភិបាលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដោយពួកគេអះអាងថា ជំនួយទាំងនេះត្រូវបានប្រើប្រាស់ដើម្បីតាមដាន បង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងជំងឺកញ្ជ្រឹល និងជំងឺគ្រុនផ្តាសាយបក្សី ក៏ដូចជាតាមដានសេវាសុខភាពផ្លូវចិត្ត និងមូលនិធិព្យាបាលផ្សេងៗ។
ជាមួយគ្នា អ្នកនាំពាក្យនាយកដ្ឋានសុខភាពសាធារណៈនៃទីក្រុងលូបប៊ុក (Lubbock) លោកស្រី ខាធ័រីន វ៉ែលស៍ លើកឡើងថា មន្ត្រីសុខាភិបាលសាធារណៈនៅទីក្រុងលូបប៊ុក នៃរដ្ឋតិចសាស់ បានទទួលបញ្ជាឱ្យឈប់ពីការងារ ដែលគាំទ្រដោយជំនួយចំនួន៣ ជុំវិញការជួយផ្តល់មូលនិធិដល់ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកញ្ជ្រឹលនៅទីនោះ។ HHS លើកឡើងថា មូលនិធិត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការធ្វើតេស្តជំងឺកូវីដ-១៩ (COVID-19) ការចាក់វ៉ាក់សាំង និងការឆ្លើយតបចំពោះជំងឺរាតត្បាតផ្សេងៗទៀត។
យ៉ាងណា HHS បានបន្ថែមថា៖«ជំងឺរាតត្បាតកូវីដ-១៩ បានបញ្ចប់ហើយ ដូច្នេះ HHS នឹងមិនខ្ជះខ្ជាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតនេះតទៅទៀតទេ»។
សមាជិកព្រឹទ្ធសភាអាម៉េរិក លោកស្រី ផាតធី ម៊ួររ៉េ លើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាល ដូណាល់ ត្រាំ បានបញ្ចប់ការផ្ដល់មូលនិធិជាង១១ពាន់លានដុល្លារ ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង និងប្រហែល ១ពាន់លានដុល្លារ ដោយរដ្ឋបាលសេវាសុខភាពផ្លូវចិត្ត។
ជាងនេះ លោកស្រី ម៊ួររ៉េបានលើកឡើងថា៖«ការដកហូតថវិកាដែលសភាបានផ្តល់ដោយឥតគិតពិចារណាបែបនេះនឹងធ្វើឱ្យខូចសមត្ថភាពរដ្ឋរបស់យើង ក្នុងការការពារគ្រួសារពីជំងឺឆ្លងដូចជាជំងឺកញ្ជ្រឹល និងជំងឺគ្រុនផ្តាសាយបក្សី និងការជួយមនុស្សឱ្យទទួលបានការថែទាំសុខភាពផ្លូវចិត្ត និងការព្យាបាលដែលពួកគេត្រូវការ»។
អភិបាលក្រុងញូវយ៉ក លោកស្រី ខាធី ហូឆុល លើកឡើងថា រដ្ឋបាលត្រាំ ក៏បានជូនដំណឹងដល់ការិយាល័យរបស់លោកស្រីដែរ ដោយរដ្ឋមានបំណងកាត់បន្ថយថវិកាជាង ៣០០លានដុល្លារសម្រាប់ក្រសួងសុខាភិបាល ការិយាល័យជំនួយ និងសេវាកម្មរដ្ឋ និងការិយាល័យសុខភាពផ្លូវចិត្ត។ យ៉ាងណា លោកស្រី បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងរបស់សហព័ន្ធក្នុងការដកហូតមូលនិធិទាំងនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ត្រាំ បានព្យាយាមកាត់បន្ថយការចំណាយ និងរុះរើកម្មវិធីសំខាន់ៗជាច្រើន និងភ្នាក់ងារមួយចំនួនក្នុងការទប់ស្កាត់ការចំណាយខ្ជះខ្ជាយឥតប្រយោជន៍។ ជាក់ស្តែង កម្មវិធីជាច្រើនត្រូវបានលុបចេញ ខណៈបុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ បាត់បង់ការងារធ្វើ៕