អគ្គលេខាធិការអង្គការណាតូ ព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក
វ៉ាសូវី៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥ អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានព្រមានទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ជុំវិញការណ៍ដែលចង់ប្រឈមមុខតែម្នាក់ឯង នៅក្នុងបញ្ហាសន្តិសុខពិភពលោក ចំពេលដែលមានភាពតានតឹង និងទស្សនផ្ទុយគ្នាចំពោះរុស្ស៉ី នៅក្នុងចំណោមសម្ព័ន្ធមិត្តនៃបក្សសម្ព័ន្ធយោធាឆ្លងអាត្លង់ទិកមួយនេះ។
ក្នុងសុន្ទរកថានៅឯទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ លោក Rutte និយាយថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ នេះមិនមែនជាពេល ដែលត្រូវធ្វើដំណើរតែឯងឡើយ មិនថាសម្រាប់អឺរ៉ុប ឬអាមេរិកខាងជើងនោះទេ។ បញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោក គឺធំធេងពេកសម្រាប់ឱ្យយើងម្នាក់ៗ ប្រឈមមុខរៀងៗខ្លួន»។ នៅពេលត្រូវបានសួរថាតើ សម្ព័ន្ធមិត្តណាតូ នៅតែអាចជឿជាក់លើអាមេរិកបានទេ? លោក Rutte បានប្រាប់អ្នកយកព័ត៌មានថា «ពិតណាស់ យើងអាចជឿទុកចិត្តអាមេរិកបាន។ ពួកគេគឺជាដៃគូដ៏ និងជាសម្ព័ន្ធមិត្តដ៏ធំបំផុតនៅក្នុងអង្គការណាតូ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Rutte បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth និងអនុប្រធានាធិបតី លោក JD Vance បានត្អូញត្អែរតាមគ្រុបជជែកការងារមួយ ថាមិនពេញចិត្តនឹងសម្ព័ន្ធមិត្តអឺរ៉ុប ដែលចូលចិត្តកេងចំណេញពេក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងខែនេះ ក៏បានធ្វើឱ្យមានមន្ទិលសង្ស័យផងដែរ ជុំវិញឆន្ទៈរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការការពារសម្ព័ន្ធមិត្តណាតូ ដែលខ្លួនចាត់ទុកថា មិនបានចំណាយគ្រប់គ្រាន់ សម្រាប់វិស័យការពារជាតិរបស់ខ្លួន និងបង្កជាក្តីបារម្ភក្នុងចំណោមមេដឹកនាំអឺរ៉ុប ខណៈពួកគេព្យាយាមបន្តការគាំទ្រអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី៕