ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន
វៀងចន្ទន៍៖ បើយោងតាមអ្នកតំណាងក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសឡាវបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ឡាវ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះ C909 របស់ក្រុមហ៊ុន COMAC ដោយចូលរួមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតដែលកំពុងត្រៀមខ្លួនពង្រីកចំនួនយន្តហោះពាណិជ្ជកម្មផលិតដោយប្រទេសចិន។
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ឡាវមួយក្រុម បានចូលរួមវគ្គបណ្តុះបណ្តាលលើយន្តហោះ COMAC នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអតិថិជនរបស់ COMAC ក្នុងទីក្រុងសៀងហៃ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានគេរំពឹងថា នឹងទទួលបាន C909 មួយគ្រឿងប្រហែលចុងខែមីនា។ និយតករអាកាសចរណ៍ស៊ីវិលរបស់ឡាវក៏បានចូលរួមវគ្គបណ្តុះបណ្តាលនេះផងដែរ។
ក្រុមហ៊ុនផលិតយន្តហោះចិន ដែលគ្រប់គ្រងដោយរដ្ឋបាននិងកំពុងបង្កើនការផលិតយន្តហោះ C909 និងយន្តហោះធុនតូច C919 របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយគូប្រជែងអន្តរជាតិ ដូចជា Airbus, Boeing និង Embraer។
យន្តហោះ C909 គឺជាយន្តហោះក្នុងតំបន់អាចផ្ទុកមនុស្សបានរហូតដល់៩០នាក់ និងជាយន្តហោះដឹកអ្នកដំណើរដំបូងគេផលិតនៅចិន។ វាបានចូលបម្រើសេវាកម្មនៅឆ្នាំ២០១៦។ ការបង្ហាញខ្លួនរបស់យន្តហោះ C909 នៅក្នុងប្រទេសឡាវ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតយន្តហោះវាយលុយចូលទីផ្សារប្រទេសមួយផ្សេងទៀត និងបង្កើនវត្តមានរបស់វានៅខាងក្រៅប្រទេសចិន។
ឡាវបានដំណើរការយន្តហោះធុនតូច Xian MA60 ផលិតនៅប្រទេសចិនរួចហើយ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០១០ រវាងនិយតករអាកាសចរណ៍ចិន និងឡាវ បង្ហាញថា ឡាវទទួលស្គាល់វិញ្ញាបនប័ត្ររចនាយន្តហោះរបស់ចិន៕