ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរាជទូតអូស្ត្រាលី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និងអូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ ប្រតិបត្តិការបានល្អប្រសើរ។ នេះបើតាមលទ្ធផលនៃជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអបអរ ឯកឧត្តម Derek Yip ដែលត្រូវបានរាជរដ្ឋាភិបាលអូស្ត្រាលី ផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជាឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានចាត់ទុកជំនួបជាមួយឯកឧត្តមឯកអគ្គរាជទូតនាពេលនេះថាជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី បានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី។
ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជាផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ជាពិសេសមានជំនឿចិត្តខ្ពស់ថា ភាគីអូស្ត្រាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាល ផ្សេងៗដល់មន្ត្រីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕