បណ្ឌិត កៅ ថាច ចុះពិនិត្យមើលការចិញ្ចឹមត្រីនៅកសិដ្ឋានលោក សុត សឿន ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុត សឿន ដែលមានទីតាំងស្ថិតនៅ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ការអញ្ជើញពិនិត្យមើលកន្លែង កសិដ្ឋានចិញ្ចឹមត្រី ខាងលើរបស់ឯកឧត្ដមបណ្ឌិត កៅ ថាច បន្ទាប់ពីឯកឧត្តមបណ្ឌិតបានបញ្ចប់ដំណើរទស្សនកិច្ចនៅជុំវិញបឹងទន្លេសាបដែលចាប់ផ្តើមពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ពីស្ថានភាព កសិករអ្នកចិញ្ចឹមសត្វតាមសហគមន៍នានាផងដែរ។
ទន្ទឹមនោះ នៅក្នុងឱកាសអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានកោតសរសើរស្នាដៃកែច្នៃចំណីត្រីរបស់ លោក សុត សឿន និងការចិញ្ចឹមត្រីកើនឡើងរហូតដល ១៣ ស្រះ ដោយក្នុងនោះចិញ្ចឹមត្រីចំនួន ៨ស្រះ គឺ៖ ត្រីប្រា និងត្រីឆ្ពិន សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងខេត្តពោធិ៍សាត់។
បើយោងតាម ម្ចាស់កសិដ្ឋានខាងលើបញ្ជាក់ថា សព្វថ្ងៃនេះ ត្រីប្រានៅកសិដ្ឋានលោកលក់បានតម្លៃ ៤៥០០រៀល ក្នុង១ គីឡូក្រាម និងត្រីឆ្ពិនលក់បាន ៧៥០០រៀលទៅ ៨០០០រៀលប៉ុណ្ណោះ ហើយរាល់ថ្ងៃនេះ បរិមាណផលិតនៅមិនទាន់គ្រប់ តាមតម្រូវការទីផ្សារនៅឡើយទេ ទោះបីតម្លៃត្រីតំបន់នេះ មានតម្លៃធ្លាក់ចុះជាងគេបន្តិចក៏ដោយ។
ក្រៅតែចិញ្ចឹមត្រី លោក សុត សឿន ជាម្ចាស់កសិដ្ឋានក៏មានជំនាញជាគ្រូបង្គោលបង្រៀនកសិករអ្នកចិញ្ចឹមផង ហើយក៏មានជំនាញបច្ចេកទេសលើការផលិតចំណីត្រីកែច្នៃដោយខ្លួនឯង សម្រាប់លក់ចែកចាយបន្តទៅឲ្យកសិករផ្សេងៗទៀត ក្នុងតំបន់ទាំងមូលថែមទៀត ៕