ឯកឧត្តម គួច ចំរើន ជំរុញឱ្យយកចិត្តទុកដាក់នូវសកម្មភាព នៃការផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះអាយុជីវិតរបស់ប្រជាជន
ភ្នំពេញ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានជំរុញដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់លើការងារ ធ្វើយ៉ាងណាឱ្យសកម្មភាព នៃការផ្តល់ឈាមដោយស្ម័គ្រចិត្ត មានសកម្មភាពជានិរន្ត ដើម្បីសង្គ្រោះអាយុជីវិតរបស់ប្រជាជនដែលត្រូវការឈាមជាចាំបាច់។
ក្នុងកិច្ចប្រជុំប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការ ស.ស.យ.ក ខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន បានមានប្រសាសន៍ថា ការផ្ដល់ឈាមដោយស្ម័គ្រចិត្តរបស់ស.ស.យ.ក យើងគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះអាយុជីវិតដល់ជនរងគ្រោះថ្នាក់ដែលត្រូវការឈាមជាចាំបាច់។
បន្ថែមពីនោះ ស.ស.យ.ក. ខេត្តកណ្តាល មានផែនការសកម្មភាពនៃការផ្តល់ឈាមដោយស្ម័គ្រចិត្តជាអទិភាពក្នុងឆ្នាំ២០២៥នេះឱ្យច្រើនជាអតិប្បរមា ដើម្បីផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីយកទៅជួយសង្គ្រោះ អាយុជីវិតដល់ជនរងគ្រោះថ្នាក់ដែលត្រូវការឈាមជាចាំបាច់។ ដូចនេះការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ត្រូវគ្រោងធ្វើឡើងជាប្រចាំខែ ដោយផ្លាស់វេនគ្នា នៅគ្រប់បណ្តា ក្រុង-ស្រុក អង្គភាពនានា សាលារៀន វត្តអារ៉ាម ទូទាំងខេត្តកណ្តាល ធ្វើយ៉ាងណាឱ្យសកម្មភាពផ្ដល់ឈាមដោយស្ម័គ្រចិត្តមាននិរន្តរភាពរហូត។
ឯកឧត្តម បានបន្តថា ស.ស.យ.ក. ខេត្តកណ្តាល បានកំណត់យកថ្ងៃទី១៤ ខែកុម្ភៈ ជាប្រចាំឆ្នាំនឹងរៀបចំការបរិច្ចាកឈាមជាលក្ខ ណៈទ្រង់ទ្រាយធំ ក្រោមពាក្យស្លោក “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្នុងន័យបំផុសគំនិតដល់យុវជនទូទៅ ឱ្យចូលរួមនូវគ្រប់សកម្មភាពមនុស្សធម៌នានា ជាពិសេសគឺការផ្តល់ឈាមដោយស្ម័គ្រចិត្ត ដើម្បីសង្គ្រោះជីវិតមនុស្សជួបគ្រោះថ្នាក់ផ្សេងៗនឹងកំពុងត្រូវការឈាមដើម្បីសង្គ្រោះជីវិត។ ដូច្នេះយើងទាំងអស់គ្នា ត្រូវប្តេជ្ញាបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយបន្ថែមទៀត តាមរយៈភ្លឺបនៃក្តីស្រឡាញ់ ដើម្បីស្វែងរកឈាម ជួយដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលកំពុងត្រូវការឈាមជាចាំបាច់។
ក្រៅពីពីការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ស.ស.យ.ក. ខេត្តកណ្តាល ក៏មានសកម្មភាពអំណោយមនុស្សធម៌(អំណោយនៃក្តីស្រឡាញ់) ជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈផ្សេងៗ ជូនដល់ទូរគតជន ជនក្រីក្រ ចាស់ជរា ជនពិការ ជនគ្មានទីពឹងនិងងាយរងគ្រោះ។ សកម្មភាពផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយនូវវិធានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនឹងចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ចុះផ្សព្វផ្សាយ និងបង្រៀនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅនៅតាម សាលារៀន ឬទីសាធារណៈផ្សេងៗ។ ដឹកនាំសមាជិក សមាជិកា ចូលរួមសម្អាតបរិស្ថាតាមទីផ្សារ សាលារៀន វត្តអារ៉ាម និងទីសាធារណៈ។ យុទ្ធនាការពលរដ្ឋល្អ ដោយធ្វើជាពលរដ្ឋគំរូ ដែលស្គាល់ច្បាស់ពីដំណើរការរបស់កម្ពុជាពោរពេញទៅដោយមនសិការ និងឆន្ទៈដ៏ក្លៀវក្លា បាននឹងកំពុងចូលរួមពូនជ្រំ ការពារសមិទ្ធផលនានា។ សកម្មភាពចូលរួមអង្កេតការណ៍ និងដំណើរទៅឆ្ពោះទៅកាន់ការប្រឡងបាក់ឌុប និងសកម្មភាពជួយសង្គ្រោះក្នុងគ្រោះមហន្តរាយនានា ដែលកើតមាននៅក្នុងខេត្តកណ្ដាល ៕