លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
ព្រឹកថ្ងៃទី ២៧ ខែមីនា លោក Ding Xuexiang សមាជិកអចិន្តៃ្រយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បាន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ីដែលប្រព្រឹតិ្តទៅនៅក្រុងBoao ខេត្តហៃណាន ព្រមទាំងថ្លែងសុន្ទរកថាក្រោមប្រធានបទ «រួមគ្នាឆ្លើយតបនឹងការប្រឈមសកល រួមគ្នាកសាងផ្ទះអាស៊ី » ។
លោក Ding Xuexiang បានថ្លែងថា ឆ្នាំនេះជាខួប១០ឆ្នាំដែលលោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតស្តីពីការកសាងសហគមន៍រួមវាសនារបស់អាស៊ី ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាភាគីនានា ការកសាងសហគមន៍រួមវាសនារបស់អាស៊ីទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ដំណើរវិវឌ្ឍន៍នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានជំរុញយ៉ាងប្រាកដប្រជា បណ្តាញតភ្ជាប់គ្នាកាន់តែមានសុក្រឹតភាពជាបន្តបន្ទាប់ អនុបាតសេដ្ឋកិច្ចអាស៊ីបានកើនឡើងដោយនឹងនរក្នុងចំណោមសេដ្ឋកិច្ចសកល ស្របនឹងពេលដែលសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួន អាស៊ីក៏បានរួមចំណែកដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពរួមរបស់សកលលោកផងដែរ ។
លោក Ding Xuexiang បានគូសបញ្ជាក់ថា ការដំណើរការនៃសេដ្ឋកិច្ចជាតិចិនបានរក្សាភាពនឹងនរ ហើយនិន្នាការងើបឡើងវិញមានភាពកាន់តែរឹងមាំ កម្លាំងចលករខាងការអភិវឌ្ឍបែបច្នៃប្រឌិតថ្មីក៏មានភាពកាន់តែខ្លាំងក្លា បរិយាកាសប្រកបអាជីវកម្មកាន់តែមានសុក្រឹតភាព ប្រទេសចិនមានជំនឿចិត្តអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ហើយនឹងបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនដល់សេដ្ឋកិច្ចសកល ៕