គ្រោះរញ្ជួយដីបានបង្ខំឱ្យថៃប្រកាសបិទសាលារៀន ផ្លូវរថភ្លើង អាកាសចរណ៍ ស្ពាន និងហាងនានា
បាងកក៖ គ្រោះរញ្ជួយដីបានបង្ខំឱ្យថៃប្រកាសបិទសាលារៀន ផ្លូវរថភ្លើង អាកាសចរណ៍ ស្ពាន និងហាងនានា ខណៈគ្រោះមហន្តរាយនេះ បានអង្រួនអគារនានាទូទាំងរាជធានីបាងកក បណ្តាលឱ្យអគារកំពុងសាងសង់មួយបាក់រលំសង្កត់កម្មករជាច្រើន។
គិតមកទល់ម៉ោង៦ល្ងាចថ្ងៃសុក្រទី២៨មីនានេះ កម្មករ៣នាក់ត្រូវបានរកឃើញថាស្លាប់ហើយ ខណៈ៨១នាក់ទៀតកំពុងបាត់ខ្លួន។
អភិបាលរាជធានីបាងកក បានបញ្ជាឱ្យសួនច្បារសាធារណៈបើកពេញមួយយប់ និងរៀបចំរថយន្តដឹកទឹក និងបន្ទប់ទឹកចល័ត ដើម្បីជួយដល់ប្រជាជនដែលកំពុងរង់ចាំកកកុញណែនណាន់តាន់តាប់ ដោយសារចរាចរណ៍ស្ទះខ្លាំង និងពិបាកក្នុងការត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេ។ ជាក់ស្តែង ស្ពានជាច្រើននៅរាជធានីបាងកកត្រូវបានបិទជាបណ្តោះអាសន្ន។
ទន្ទឹមនឹងនោះ ជើងហោះហើយត្រូវបានផ្អាក ខណៈផ្លូវខ្សែរថភ្លើងក្រោមដីទាំងប្រាំបីក្នុងរាជធានីបាងកក នៅបន្តផ្អាករហូតដល់មានការធានាសុវត្ថិភាពទើបចាប់ផ្តើមដំណើរការឡើងវិញ។
ជាងនេះទៅទៀត ហាងទំនិញជាច្រើនក៏ត្រូវបានបិទទ្វារផងដែរ។ ជុំវិញមហន្តរាយនេះ ក្រសួង អប់រំថៃ បានចេញ បញ្ជា ឱ្យ បិទ សាលា រៀននៅ ទូទាំង ប្រទេសតែម្ដង ដើម្បីធានាសុវត្ថិសម្រាប់សិស្សានុសិស្សថៃ ចំពេលផ្លូវជាច្រើនកំពុងកកស្ទះស្រេច។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ អគារ៣៣ជាន់ដែលកំពុងសាងសង់បានដួលរលំសម្លាប់មនុស្ស៣នាក់ ខណៈមនុស្ស៨១នាក់ ភាគច្រើនជាកម្មករបាននិងកំពុងជាប់ក្នុងសាកសពអគារនោះ។ យ៉ាងណា អ្នកដឹងហេតុការណ៍បានបញ្ជាក់ថា មានកម្មករ ប្រមាណជាង១៧០នាក់ មក ពី ក្រុមហ៊ុន ផ្សេងៗ គ្នាកំពុង ធ្វើ ការ នៅ ខាង ក្នុង អគារនោះ ដែលមានគម្រោងសាងសង់តម្លៃ៦៣លានដុល្លារអាម៉េរិក ខណៈអ្នក ស្លាប់ អាច នឹង មាន ច្រើន ជាងនេះ។
គួរបញ្ជាក់ថា រាជធានីបាងកកត្រូវបានប្រកាសថា ជាតំបន់គ្រោះមហន្តរាយ បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រទេសថៃ នាពេលនេះ៕