ស្នងការនគរបាលខេត្តកែប ផ្តាំផ្ញើដល់មន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ
ភ្នំពេញ៖ បន្ទាប់ពីវគ្គបំប៉នជំនាញ ស្តីពីវិន័យនគរបាលជាតិកម្ពុជា ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល តួនាទីប៉ុស្តិ៍នគរបាល និងលំហាត់របៀប រយៈពេល ២ សប្តាហ៍ ត្រូវបានបញ្ចប់ នៅរសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតី ក្នុងពិធីបិទដែលមានការអញ្ជើញចូលរួម ពីលោកស្នងការរងពាក់ព័ន្ធ នាយការិយាល័យ អធិការនគរបាលក្រុង ស្រុក គ្រូឧទ្ទេស និងសិក្ខាកាម នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ចូលរួមអបអរសាទរចំពោះការបញ្ចប់វគ្គសិក្សាដោយជោគជ័យ។
លោកស្នងការ ក៏បានកោតសរសើរចំពោះការិយាល័យបណ្តុះបណ្តាលនិងការិយាល័យពាក់ព័ន្ធ រួមជាមួយគ្រូឧទ្ទេស ដែលបានសហការគ្នាល្អក្នុងការរៀបចំបង្កើតឲ្យមានវគ្គសិក្សានេះឡើង ដើម្បីពង្រឹងសមត្ថភាពចំណេះជំនាញដល់មន្ត្រីនគរបាលយកទៅអនុវត្តឲ្យចំគោលដៅ នៅតាមអង្គភាព។
បន្ថែមពីនេះលោកស្នងការ ក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ គ្រប់ការងារដែលយើងបំពេញត្រូវគោរពវិន័យ ប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិ គឺត្រូវគោរពនិងអនុវត្តដោយស្មោះត្រង់ជាមួយពលរដ្ឋ រួសរាយ រាក់ទាក់ មិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ត្រូវមានអាកប្បកិរិយាសុភាពរាបសារ ស្លូតបូត ទន់ភ្លន់ ថ្លៃថ្នូរ តែម៉ឺងម៉ាត់ក្នុងការងារ ពិសេសយកចំណេះដឹងទាំងអស់ដែលទើបទទួលបានពីវគ្គសិក្សា ទៅបម្រើសកម្មភាពការងារជាក់ស្ដែងនៅតាមអង្គភាពរៀងៗខ្លួនប្រដោយគុណភាព និងប្រសិទ្ធភាព៕