អភិបាលខេត្តកណ្ដាល ជំរុញដល់ទីចាត់ការផែនការវិនិយោគខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងទាំងឡាយរបស់ខេត្តឱ្យបានឆាប់រហ័សទាន់ពេលវេលា
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៥ បានដឹកនាំ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែមិនា ដោយមានការចូលរួមពី ឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត ទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះ បានផ្ដោតសំខាន់ទៅលើរបាយការណ៍ ស្តីពីបញ្ហាប្រឈមនៅតាមទីចាត់ការ និងអង្គភាព ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត សេចក្តីរាយការណ៍ស្តីពី ការរៀបចំបញ្ជីប៉ាន់ស្មានតម្លៃគម្រោង និងពិនិត្យការងារវឌ្ឍនភាពនៃការដោះស្រាយទំនាស់ដីធ្លីរបស់ក្រុមការងារទាំង៥ ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់បណ្តាទីចាត់ការនីមួយៗ នៃរដ្ឋបាលខេត្ត ត្រូវប្រជុំត្រួតពិនិត្យមន្ត្រីរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រី ចំពោះមន្ត្រីដែលនៅមានកំរិត ត្រូវគិតគូរបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ទៅតាមតួនាទីភារៈកិច្ច ជាក់ស្តែង សំដៅបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានកាន់តែច្បាស់លាស់ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងការដោះស្រាយទំនាស់ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់ ទីចាត់ការអន្តវិស័យត្រូវបន្តយកចិត្តទុកដាក់ក្នុងការពន្លឿនការធ្វើកំណត់ហេតុឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីដាក់ឆ្លងថ្នាក់ដឹកនាំ ក៏ដូចជាភាគីនីមួយៗ បានពិនិត្យ និងសំរេចឯកភាពគ្នាក្នុងកិច្ចប្រជុំទាន់ពេលវេលា។ ទីចាត់ការធនធានមនុស្ស ត្រូវបន្តខិតខំពន្លឿនក្នុងកិច្ចការតែងតាំង តំឡើងថ្នាក់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តឱ្យបានឆាប់រហ័សតាមពេលកំណត់ ពោលគឺរាល់ឯកសារផ្សេងៗតាមបណ្ដាទីចាត់ការនានា ត្រូវពន្លឿនការរត់ឯកសារឱ្យបានលឿន ត្រូវលុបបំបាត់ឱ្យបាននូវការកកស្ទះឯកសារ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ទីចាត់ការផែនការវិនិយោគខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងទាំងឡាយរបស់ខេត្តឱ្យបានឆាប់រហ័សទាន់ពេលវេលា រាល់គម្រោងទាំងអស់របស់ខេត្តត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់ដោយផ្ដោតសំខាន់ទៅលើគុណភាព និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាងនេះទៅទៀត ត្រូវចុះសិក្សាឱ្យបានល្អិតល្អន និងត្រូវមានបញ្ជីប៉ាន់ស្មានតម្លៃលើគ្រប់គម្រោងទាំងឡាយណា ដែលខេត្តបានចាត់អាទិភាព៕