អាជ្ញាធរខេត្តកណ្ដាល៖ ការប្រកួតកីឡា គឺជាចំណងនៃមិត្តភាព និងជៀសឆ្ងាយពីគ្រឿងញៀន
ភ្នំពេញ៖ ការប្រកួតកីឡាសំរាប់ សិស្សមធ្យមសិក្សា ជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៥ នាពេលនេះ គឺដើម្បីវ៉ាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើស យកកីឡាករ កីឡាការនី ដែលឆ្នើម និងមានទេពកោសល្យល្អ មកប្រមូលផ្តុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួត ថ្នាក់ជាតិ នេះជាប្រសាសន៍លើកឡើង របស់ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ថ្លែងក្នុងឱកាសពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ ដែលប្រារព្ធធ្វើឡើង នៅកីឡដ្ឋាន ខេត្តកណ្តាល នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានបន្តថា កីឡាជាសកម្មភាពដែលផ្តល់មកនូវសុខភាពល្អ រាងកាយមាំមួន ព្រមទាំងបញ្ញាស្មារតីឈ្លាសវៃ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាបញ្ចកោណទាំងប្រាំ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតការប្រកួតប្រជែង, ការអភិវឌ្ឍ វិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន, ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងនោះរដ្ឋាភិបាល បានសង្កត់ធ្ងន់ អាទិភាពគន្លឹះចំនួន៥សម្រាប់ធ្វើកំណែទម្រង់គឺ៖ ទី១.កំណែទម្រង់វិស័យអប់រំ, ទី២.ការពង្រឹងវិស័យសុខាភិបាល, ទី៣.កំណែទម្រង់វិស័យមុខងារសាធារណៈ, ទី៤.ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទី៥.កំណែទម្រង់លើប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា «ការប្រកួតកីឡាគឺជាចំណងនៃមិត្តភាព និងការជៀសឆ្ងាយពីគ្រឿងញៀន ក្នុងការប្រកួត តែងតែមានអ្នកឈ្នះ មានអ្នកចាញ់ ប៉ុន្តែសំខាន់ ចំពោះក្រុម ដែលមិនបានទទួលជ័យជម្នះ ពេលត្រឡប់ទៅវិញ ត្រូវខិតខំហ្វឹកហាត់បន្ត ដើម្បីប្រកួតដណ្ដើម យកជ័យជម្នះនៅឆ្នាំក្រោយៗទៀត។ម៉្យាងទៀត ចំពោះក្រុម ដែលទទួលបានជ័យជំនះ ត្រូវហ្វឹកហាត់ បង្កើនសមត្ថភាព បន្តទៀត ដើម្បីចូលរួម ប្រកួត ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា ២០២៤-២០២៤ នៅពេលខាងមុខ»។
ឯកឧត្តមបានណែនាំ ឱ្យរដ្ឋបាល ក្រុង ស្រុក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និង នាយក នាយិកា គ្រឹះស្ថានបឋមសិក្សា ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានបឋមសិក្សា ដើម្បីឱ្យសិស្សានុសិស្សទទួលបាន ការវិវត្តន៍ផ្នែករាងកាយ បញ្ញាស្មារតី និងបណ្តុះបណ្តាលធនធានមនុស្ស ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្ត្រកំណែទម្រង់ លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ ត្រូវមានជំនាញកីឡា មួយប្រភេទយ៉ាងតិច ប្រចាំជីវិត ៕