បទវិភាគ៖ធ្វើដំណើរជាមួយចិនគឺធ្វើដំណើរជាមួយកាលានុវត្តភាព
ព្រឹកថ្ងៃទី២៨ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយតំណាងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិនៅក្រុងប៉េកាំង ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ចិនមានឆាកអាជីវកម្មធំ អនាគាតទីផ្សារដ៏ទូលំទូលាយ ការរំពឹងទុកគោលនយោបាយដ៏នឹងនរនិងស្ថានការណ៍សន្តិសុខដ៏ល្អប្រសើរ ពិតជាគោលដៅពេញនិយមដែលមានអំណោយផលដល់ការវិនិយោគនិងធ្វើអាជីវកម្មនៃសហគ្រាសទុនបរទេស ។ ប្រធានក្រុមប្រឹក្សាភិបាលទូទាំងពិភពលោក CEO នៃសហគ្រាសទុនបរទេសនិងតំណាងសមាគមពាណិជ្ជកម្មចំនួនជាង៤០រូបដែលចូលរួមកិច្ចជំនួបលើកនេះបានចាត់ទុកប្រទេសចិនជា “ដីកោះប្រកបដោយភាពប្រាកដប្រជានិងជាគោលដៅពេញនិយមសម្រាប់វិនិយោគនិងធ្វើអាជីវកម្ម” ដោយបង្ហាញថា នឹងពង្រីកការវិនិយោគនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនយ៉ាងមុតមាំមិនងាករេ ដើម្បីធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅទីផ្សារប្រទេសចិន ។
បើមើលពីបញ្ជីឈ្មោះសហគ្រាសបរទេសដែលចូលរួមកិច្ចជំនួបលើកនេះអាចឃើញថា មានសហគ្រាសជាច្រើនបាន “ទទួលការអភិវឌ្ឍរួមជាមួយទីផ្សារចិន”ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅនេះ ហើយបានពង្រីកការវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់ ។ក្រុមហ៊ុន FedEx របស់អាមេរិកបានបង្កើតមជ្ឈមណ្ឌលផ្ទេរទំនិញអន្តរទ្វីបនៅក្រុងសៀងហៃ ក្រុមហ៊ុន Mercedes-Benz របស់អាល្លឺម៉ង់បានប្រកាសថា នឹងរួមជាមួយដៃគូសហប្រតិបត្តិការរបស់ចិនបណ្តាក់ទុនលើសពី១ម៉ឺន៤ពាន់លានយាន់ប្រាក់ចិននៅប្រទេសចិន ដើម្បីធ្វើឱ្យផលិតផលក្នុងស្រុកចិនមានភាពសំបូរបែប ។ល។
បច្ចុប្បន្ននេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ ជម្លោះពាណិជ្ជកម្មបានកើតឡើងជាបន្តបន្ទាប់ កម្លាំងចលករខាងការអភិវឌ្ឍគឺមិនគ្រប់គ្រាន់យ៉ាងច្បាស់លាស់ ។ ក្នុងបរិបទបែបនេះ ទុនបរទេសបានចាត់ទុកប្រទេសចិនជា “ដីកោះប្រកបដោយភាពប្រាកដប្រជានិងជាគោលដៅពេញនិយមសម្រាប់វិនិយោគនិងធ្វើអាជីវកម្ម” គឺមានតម្លៃណាស់ ។
បើនិយាយចំពោះវិនិយោគិន ភាពប្រាកដប្រជាជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ ។ ភាពប្រាកដប្រជារបស់ចិនគឺមកពីការប៉ាន់ប្រមាណចំពោះគោលនយោបាយ ។ ដូចប្រសាសន៍របស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបានលើកឡើងក្នុងពេលជួបសន្ទនាថា ទ្វាររបស់ចិននឹងបើកចំហរឹតតែធំ ហើយគោលនយោបាយស្តីពីការប្រើប្រាស់ទុនបរទេសគ្មានការកែប្រែទេ ហើយក៏មិនអាចកែប្រែដែរ ។ បច្ចុប្បន្ននេះ ចិនបាននិងកំពុងជំរុញការបើកទូលាយប្រកបដោយរបៀបរៀបរយនូវវិស័យបណ្តាញអ៊ីនធើណេតនិងវប្បធម៌ជាដើម និងពង្រីកតំបន់ពិសោធន៍បើកទូលាយក្នុងវិស័យទូរគមនាគមន៍ សុខាភិបាលនិងការអប់រំជាដើម ។
ភាពប្រាកដប្រជារបស់ចិនក៏បានមកពីបរិយាកាសអភិវឌ្ឍន៍ប្រកបដោយសុវត្ថិភាពផងដែរ ។ ចិនបានរក្សាភាពនឹងនរខាងនយោបាយ និងសុខសន្តិភាពក្នុងសង្គមក្នុងរយៈពេលយូរមកហើយ ដែលជាប្រទេសប្រកបដោយសុវត្ថិភាពបំផុតមួយដែលត្រូវបានទទួលស្គាល់ជាទូទៅលើពិភពលោក ។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ការវិនិយោគទុននិងធ្វើអាជីវកម្មនៅប្រទេសចិនគួរឱ្យទុកចិត្តបាន ។
ក្រៅពីមានបរិយាកាសល្អនិងទីផ្សារធំ ការអភិវឌ្ឍរបស់ចិនក៏មានកម្លាំងចលករដ៏ខ្លាំងក្លាដែរ ។ វត្តមានរបស់កម្មវិធី DeepSeekនៅទូទាំងពិភពលោក សមិទ្ធផលជាបន្តបន្ទាប់នៃមុខងារមនុស្សយន្តរបស់ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Yushu ។ល។ មានការវិភាគលើកឡើងថា ឆ្នាំ២០២៥នឹងជាដំណាក់កាលគន្លឹះនៃការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន ។ នៅពេលអនាគត ចិននឹងបន្តពូនជ្រំនិងអភិវឌ្ឍឧស្សាហកម្មងើបឡើងថ្មីនិងឧស្សាហកម្មនៅពេលអនាគតដូចជាផលិតកម្មជីវសាស្ត្រ បច្ចេកវិទ្យាកង់ទិច បញ្ញាសិប្បនិម្មិត Embodied និងប្រព័ន្ធ ៦G ជាដើម បន្តជំរុញសកម្មភាព “បញ្ញាសិប្បនិម្មិត+” ដើម្បីនាំមកនូវលំហអភិវឌ្ឍន៍កាន់តែធំដល់ទុនបរទេស ។
អាចប៉ាន់ប្រមាណថា នៅប្រទេសចិនដែលជាដីកោះនិងគោលដៅពេញនិយមនេះ ទុនបរទេសនឹងទទួលបានកាលានុវត្តភាពកាន់តែច្រើន ៕