លោក ដូណាល់ ត្រាំ ហៅទូរសព្ទប្រកបដោយផ្លែផ្កា ជាមួយនាយករដ្ឋមន្រ្តីកាណាដា ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកបាននិយាយថា លោកមានការហៅទូរសព្ទប្រកបដោយផ្លែផ្កា នៅថ្ងៃសុក្រទី២៨ ខែមីនា ជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក ម៉ាក ខានី (Mark Carney) ចំពេលមានភាពតានតឹងកើនឡើងរវាងសម្ព័ន្ធមិត្តមានព្រំដែនជាប់គ្នាទាំង២។
លោកប្រធានាធិបតី ត្រាំ បាននិយាយថាមេដឹកនាំទាំងពីរនឹងជួបគ្នាបន្ទាប់ពីការបោះឆ្នោតរបស់ប្រទេសកាណាដាដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយ។
លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា៖«វាជាការហៅទូរសព្ទដែលមានផ្លែផ្កាខ្លាំង យើងយល់ព្រមលើរឿងជាច្រើន ហើយនឹងជួបគ្នាភ្លាមៗបន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខរបស់ប្រទេសកាណាដា ដើម្បីធ្វើការលើធាតុផ្សំនៃនយោបាយ ធុរកិច្ច និងកត្តាផ្សេងទៀតទាំងអស់»។
លោក បាន បន្ថែម ថា ការងារ នោះ នឹង បញ្ចប់ ដោយភាព អស្ចារ្យ សម្រាប់ ទាំង សហរដ្ឋ អាម៉េរិក និង កាណាដា។
លោក ខានី និងការិយាល័យរបស់គាត់មិនទាន់បានបញ្ចេញព័ត៌មានអំពីការហៅទូរសព្ទនេះទេ ដែលកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំរបស់កាណាដាថ្មីបានប្តេជ្ញាផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ប្រទេសកាណាដាឱ្យមិនសូវពឹងផ្អែកលើសហរដ្ឋអាម៉េរិក និងមុនការប្រកាសពន្ធរបស់លោក ត្រាំ ដែលរំពឹងទុកនៅថ្ងៃទី២ ខែមេសា។
សហរដ្ឋអាម៉េរិក និងកាណាដា ជាសម្ព័ន្ធមិត្ត ជិត ស្និទ្ធ និង ដៃគូពាណិជ្ជកម្មជាយូរ មក ហើយ។ ប៉ុន្តែទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីលោក ត្រាំ មកពីគណបក្សសាធារណរដ្ឋដែលបានឡើងកាន់តំណែងកាលពីខែមករា ជាមួយនឹងការគំរាមកំហែងពន្ធគយ និងការបញ្ចេញមតិម្ដងហើយម្ដងទៀតអំពីការធ្វើឱ្យប្រទេសនេះក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាម៉េរិក៕