អ្នកនាំពាក្យបរិស្ថាន៖ សូមបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលជាមូលហេតុអ្វើឱ្យមានការធ្លាក់ចុះគុណភាពខ្យល់ និងការបាត់បង់ជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ី
ភ្នំពេញ៖ ដោយការមើលឃើញនិងចូលរួមសោកស្តាយ ចំពោះឧបទ្ទេវហេតុគ្រោះមហន្តរាយកើតឡើងផ្ទួនៗនៅប្រទេសថៃ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ធំ ពេលនេះប្រទេសថៃកំពុងមានភ្លើងងឆេះព្រៃ នៅក្នុងខេត្តឡាំបាង ដែលស្ថិតភាគខាងជើងនៃប្រទេស ចាប់តាំងពីយប់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងរំលឹកដល់សាធារណជន អំពីការចូលរួមទប់ស្កាត់ និងបង្ការកុំឱ្យមានភ្លើងឆេះព្រៃ ដែលមិនត្រឹមតែធ្វើ់ឱ្យគុណភាពខ្យល់មានការធ្លាក់ចុះ វាធ្វើឱ្យមានការបាត់បង់ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ ជាពិសេសខូចខាតប្រព័ន្ធអេកូឡូស៊ីនៃតំបន់នោះផងដែរ។
ជុំវិញករណីនេះ ឯកឧត្តម ខ្វៃ អាទិត្យា បានប្រាប់អ្នកយកព័ត៌មាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ថា ករណីឆេះព្រៃនេះ ជាបញ្ហាចម្បង ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ និងត្រូវការការចូលរួមពីភាគីពាព័ន្ធទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ចប្រប់ប្រភេទ ដៃគូសហការជាតិ និងអន្តរជាតិ សហគមន៍និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងតំបន់និងក្បែរតំបន់ព្រៃឈើ ចុះទៅអន្តរាគមន៍ភ្លាមៗ ក្នុងករណីមានភ្លើងឆេះ ដើម្បីកុំឱ្យរីករាលដាលរហូតបង្កជាគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋតាមរយៈចំហេះ និងការកើនឡើងកំហាប់ភាល្អិតនិចល សារធាតុពុលក្នុងផ្សែង ធ្វើឱ្យប៉ះពាល់ទៅដល់គុណភាពខ្យល់ ធ្វើឱ្យបាត់បង់ជីវៈចម្រុះ និងខូចខាតប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ជាដើម។
អ្នកកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កន្លងមក ការឆ្លើយតបនឹងការឆេះនេះ ក្រសួងបរិស្ថានបានសហការជាមួយអាជ្ញាធរខេត្ត ដែលមានតំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយ និងចុះអប់រំប្រជាពលរដ្ឋ ឱ្យមានយកចិត្តទុកដាក់ ចូលរួមក្នុងការទប់ស្កាត់ការដុតសំរាម ប្លាស្ទិក សម្ភារកសិកម្ម ការដុតគល់ជញ្ជ្រាំង ការដុតស្មៅ ឬដុតចំការជាដើម ជាពិសេសការអនុវត្តសារាចរលេខ០១ ស្តីអំពីការទប់ស្កាត់នឹងការបំពុលខ្យល់សាធារណៈ ព្រោះមិនមែនតែការឆេះការដុត វាប៉ះពាល់តែដល់បរិស្ថានទេ ប៉ះពាល់ដល់គុណភាពខ្យល់ ប៉ះពាល់សុខភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបង្កឱ្យមានការប្រែប្រួលគុណភាពខ្យល់ផងដែរ។
ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា ព្រៃឈើគឺជាសម្បតិ្តធម្មជាតិរបស់យើងដែលត្រូវតែការពារឱ្យបាន អ៊ីចឹងប្រសិនជាមានករណីមានភ្លើងឆេះ យើងត្រូវតែការពារនិងទប់ស្កាត់ ព្រោះយើងការពារសុវត្ថិភាពព្រៃឈើ ដូចជាការពារសុវត្ថិភាពសត្វព្រៃ ជីវៈចម្រុះ មានន័យថាយើងការពារជីវិតរបស់យើងដែរ។ ក្នុងពេលនេះដែរ អ្នកនាំពាក្យរូបនេះ បានសំណូមពរដល់សាធារណជនតាមដានគុណភាពខ្យល់នៅកម្ពុជា តាមរយៈចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន ៖www.airquality.moe.gov.kh និងប្រព័ន្ធ APPឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពប្រចាំ៕