អភិបាលស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី
ភ្នំពេញ៖ លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម បានអំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី ពិសេសក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង បន្ទាប់ពីមានករណីរង្គើសាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្ទះប្រជាពលរដ្ឋមួយចំនួន នៅសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
តាមរដ្ឋបាលខេត្ត នៅរសៀលម៉ោង១៣:៣៥នាទី ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម មានសាលាមត្តេយ្យសិក្សា និងបឋមសិក្សា មានការរង្គើប្រហែល ២០វិនាទី។ សាលាទាំងនោះរួមមាន៖ មត្តេយ្យសិក្សា២ថ្នាក់ មានសិស្សតូចៗ៤៥នាក់ និងបឋមសិក្សា១៩ថ្នាក់ មានសិស្ស៦៦៧នាក់។ ភ្លាមៗអាណាព្យាបាល និងឪពុកម្តាយសិស្ស បានមកយកកូនចេញពីសាលារៀនជាបន្តបន្ទាប់។
ក្រុមការងារចុះពិនិត្យហេតុការណ៍រញ្ជួយបណ្តាលឱ្យរង្គើសាលារៀន មណ្ឌល សុខភាព វត្តអារាម និងផ្ទះប្រជាពលរដ្ឋ សង្ស័យថា ករណីនេះអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧,៧វ៉ិចទ័រ ដែលបានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេស មីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លាក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និងវៀតណាមផងដែរ។
ចំពោះមុខបញ្ហានេះ អាជ្ញាធរស្រុកសូទ្រនិគម បានណែនាំឱ្យ ភូមិ-ឃុំទូទាំងស្រុក បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍នេះបន្តទៀត ដោយត្រូវស្តាប់ព័ត៌មានពីករណីរញ្ជួយដី ដែលបាននឹងកំពុងកើតឡើងនៅប្រទេសជិតខាង។ ទន្ទឹមគ្នានោះត្រូវរាយការណ៍ភ្លាមៗករណីមានហេតុការណ៍ជាយថាហេតុណាមួយកើតឡើងក្នុងភូមិសាស្ត្រឃុំនៃស្រុកសូទ្រនិគម ពិសេសឃុំកំពង់ឃ្លាំង ដែលបានកើតហេតុរង្គើនេះ ៕