មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ
បាងកក៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ។ វានឹងក្លាយជាដំណើរទស្សនកិច្ចដ៏កម្រមួយរបស់ប្រមុខយោធារូបនេះទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ ចាប់តាំងពីរដ្ឋប្រហារដែលនាំឱ្យមានសង្គ្រាមស៊ីវិល។
លោក មីន អ៊ុងឡាំង គឺជាបុព្វហេតុស្នូលនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសមីយ៉ាន់ម៉ា ខណៈខ្លាកំណាចយោធារូបនេះត្រូវបានរារាំងមិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃប្លុកអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដោយសារតែយោធាមីយ៉ាន់ម៉ាបរាជ័យក្នុងការអនុវត្តផែនការសន្តិភាពដែលបានព្រៀងរួច។ យ៉ាងណា ពេលនេះលោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី៣-៤ ខែមេសានៅរាជធានីបាងកកក្នុងកិច្ចប្រជុំ BIMSTEC។ ការណ៍នេះ កើតឡើងចំពេលគណៈប្រតិភូមីយ៉ាន់ម៉ាកំពុងស្វែងរកកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំៗ និងមន្ត្រីកំពូលៗ។ BIMSTEC ឬគំនិតផ្តួចផ្តើម Bay of Bengal គឺជាប្លុកសម្រាប់វេទិកាកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ ដោយរួមមានប្រទេសចំនួន៧ ក្នុងនោះរួមមាន៖ មីយ៉ាន់ម៉ា ថៃ ឥណ្ឌា បង់ក្លាដែស នេប៉ាល់ ស្រីលង្កា និងប៊ូតង់។
មីយ៉ាន់ម៉ាមានវិបត្តិដ៏រ៉ាំរៃ ចាប់តាំងពីរបបយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ រួចរីកធំទៅជាការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបយោធា។ ការណ៍នេះ នាំឱ្យប្រជាជនជាងមីយ៉៉ាន់ម៉ា១ភាគ៣កំពុងត្រូវការជំនួយមនុស្សធម៌។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃដើម្បីចូលរួមជាមួយមេដឹកនាំផ្សេងទៀតនឹងមានសារសំខាន់សម្រាប់លោក មីន អ៊ុងឡាំង ស្រាប់ស្វែងរកភាពស្របច្បាប់ទាំងក្នុង និងក្រៅប្រទេសសម្រាប់ផែនការរបស់លោកក្នុងការដឹកដៃប្រទេសវិលត្រឡប់ទៅកាន់លទ្ធិប្រជាធិបតេយ្យវិញ តាមរយៈការបោះឆ្នោត ទន្ទឹមនឹងប្រមុខយោធារូបនេះអះអាងថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅខែធ្នូដោយសេរី និងយុត្តិធម៌ និងសន្យាផ្ទេរអំណាចរដ្ឋទៅឱ្យគណបក្សឈ្នះឆ្នោត។
គួរបញ្ជាក់ថា លោក មីន អ៊ុងឡាំង ត្រូវបានប្រទេសជាច្រើនចាត់ទុកថាជាជនផ្តាច់ការ អនាធិបតេយ្យ និងជាប្រមុខយោធាដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅយ៉ាងសាហាវយង់ឃ្នង។