ថៃ៖ ៧នាក់ស្លាប់ ៩៧នាក់បាត់ខ្លួន ក្រោយរលំអគារ៣០ជាន់ ខណៈអាជ្ញាធរជំរុញល្បឿននៃការជួយសង្រ្គោះ
បាងកក៖ យោងតាមនាយកដ្ឋានបង្ការ និងការពារគ្រោះមហន្តរាយថៃ មនុស្ស ៧នាក់ស្លាប់ ៩នាក់បានរួចជីវិត និង ៩៧នាក់បន្តបាត់ខ្លួន បន្ទាប់ពីអគារកម្ពស់ ៣០ជាន់ដែលកំពុងសាងសង់បានដួលរលំ នៅរសៀលថ្ងៃសុក្រ។ ការដួលរលំនេះបានកើតឡើងបន្ទាប់ពីរញ្ជួយដីកម្រិត ៧.៧រិចទ័រវាយប្រហារប្រទេសមីយ៉ាន់ម៉ា និងរាលដាលដល់ថៃ។
អាជ្ញាធរថៃមានគោលបំណងជួយសង្គ្រោះអ្នកដែលជាប់គាំងក្នុងរយៈពេល ៧២ម៉ោង ដោយផ្អែកលើស្ថានភាពសុខភាពរបស់ពួកគេ។ សញ្ញាជីវិតត្រូវបានរកឃើញ ក្នុងអំឡុងប្រតិបត្តិការនេះ ប៉ុន្តែក្រុមអ្នកជួយសង្គ្រោះជួបបញ្ហាក្នុងការជីករុករក អ្នករស់រានមានជីវិត ដោយសារកម្ទេចថ្មធ្ងន់ៗច្រើន។
ចំណែកឯ ជំនួយពីសហគមន៍អន្តរជាតិ កំពុងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសថៃ និងមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះមហន្តរាយនេះ។