ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ក្រុមអ្នកច្បាប់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (ក.ច.ស.ធ.) បានរៀបចំពិធីប្រកាសសមាសភាពជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ម៉ុក ច័ន្ទសុធា ប្រធាន ក.ច.ស.ធ.។
ឯកឧត្តមប្រធាន បានមានមតិសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់សមាជិកក្រុមការងារទាំងអស់ និងអង្គពិធីទាំងមូល។
ឯកឧត្តម ម៉ុក ច័ន្ទសុធា បានលើកឡើងបន្ថែមទៀតថា ការបង្កើត ក.ច.ស.ធ. គឺមានគោលបំណងផ្តល់ជំនួយផ្នែកច្បាប់ជូនប្រជាពលរដ្ឋដែលពុំមានលទ្ធភាពពឹងពាក់សេវាវិជ្ជាជីវៈច្បាប់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និងមិនទៅជំនួសយន្តការដែលមានស្រាប់នោះទេ។ ក.ច.ស.ធ. គឺជាយន្តការបំពេញបន្ថែមដើម្បីបង្កើនសហថាមពលក្នុងវិស័យច្បាប់ និងយុត្តិធម៌។
ឯកឧត្តម ម៉ុក ច័ន្ទសុធា បានសង្កត់ធ្ងន់ថា ការអនុវត្តការងារត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ចៀសវៀងការប្រព្រឹត្តអំពើខុសឆ្គង និងខុសច្បាប់ ព្រមទាំងសកម្មភាពទាំងឡាយដែលប៉ះពាល់ដល់ ក.ច.ស.ធ. ៕