ការរញ្ជួយដីកម្រិត៧រ៉ិចទ័រ វាយប្រហារនៅជិតកោះតុងហ្គាបណ្តាលឱ្យមានការខូចខាតបន្តិចបន្តួច និងការជម្លៀសប្រជាជនមួយរយៈពេលខ្លី
នូគូអាឡូវហ្វា៖ នៅព្រឹកថ្ងៃចន្ទទី៣១ ខែមីនានេះ ការរញ្ជួយដីកម្រិត៧រ៉ិចទ័រ បានវាយប្រហារនៅជិតកោះតុងហ្គាបណ្តាលឱ្យមានការខូចខាតបន្តិចបន្តួច និងការជម្លៀសប្រជាជនមួយរយៈពេលខ្លី។ ការព្រមានអំពីរលកយក្សស៊ូណាមិ វាយប្រហារប្រទេសកោះប៉ាស៊ីហ្វិកនេះត្រូវបានដាក់ ប៉ុន្តែក្រោយមកត្រូវបានដកចេញវិញ។
ស៊ីរ៉ែនប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិ អាចត្រូវបានគេឮបន្ទាប់ពីការរញ្ជួយដីនៅវេលាម៉ោង១:១៨នាទីទៀបភ្លឺថ្ងៃទី៣១មីនានេះ(ម៉ោងតុងហ្គា) ដោយជំរុញឱ្យអ្នកស្រុកផ្លាស់ទីទៅកាន់កន្លែងមានសុវត្ថិភាព មុនពេលក្រុមមន្ត្រីបផ្តល់ភាពច្បាស់លាស់សម្រាប់ប្រជាជនឱ្យត្រឡប់ទៅផ្ទះវិញ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក បានបង្ហាញថា ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ២៩គីឡូម៉ែត្រ។ ប៉ុន្មាន ម៉ោង ក្រោយ មក ការ រញ្ជួយ ដី លើក ទី ពីរកម្រិត ៦,១ រ៉ិចទ័រ បាន វាយ ប្រហារ នៅ តំបន់ ដដែល។
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិកនៅហាវ៉ៃ បានចេញសេចក្តីជូនដំណឹងមួយបន្ទាប់ពីការរញ្ជួយដីលើកដំបូង។ ប៉ុន្តែការព្រមានក៏ត្រូវបានលុបចោលប៉ុន្មានម៉ោងក្រោយមក ដោយការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស។
លោក ម៉ាហ្វួ ម៉ាកា (Mafua Maka) ប្រធានទីភ្នាក់់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក បាននិយាយទៅកាន់វិទ្យុនូវែលសេឡង់ ប៉ុន្មានម៉ោងបន្ទាប់ពីការរញ្ជួយដីនេះថា មិនមានការរាយការណ៍ពីការស្លាប់ ឬការខូចខាតរចនាសម្ព័ន្ធនោះទេ។ សារព័ត៌មានក្នុងស្រុកបាននិយាយថា ការវាយតម្លៃបន្ថែមទៀតនឹងត្រូវបានធ្វើឡើងនៅពេលថ្ងៃ។
តុងហ្គា គឺជាប្រទេសមួយបង្កើតឡើងដោយកោះចំនួន១៧១ មានប្រជាជនត្រឹមតែជាង១០ម៉ឺននាក់។ វាមានចម្ងាយ១៨០០គីឡូម៉ែត្រភាគឦសាននៃប្រទេសនូវែលសេឡង់ ហើយស្ថិតនៅលើក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់រញ្ជួយដី និងភ្នំភ្លើង។ គួររំឭកថា រលកយក្សស៊ូណាមិបានកើតឡើងដោយការផ្ទុះភ្នំភ្លើងក្នុងឆ្នាំ២០២២ បានសម្លាប់មនុស្សបីនាក់៕