រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំ ចំនួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ បន្ថែមើលនេះ សម្រាប់ផ្លូវថ្មើរជើង ឬ Walk Street វិញ ក៏បានរៀបចំមុនថ្ងៃចូលឆ្នាំ២ថ្ងៃ ហើយថែម៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំ ឡើងដល់៥ថ្ងៃ សម្រាប់បម្រើជូនប្រជាពលរដ្ឋ និងទេសចរជាតិ-អន្តរជាតិ កម្សាន្តសប្បាយ ។
ដើម្បីឱ្យសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ រៀបចំឡើង ដោយមានការសប្បាយរីករាយនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសាសនាដូចជាមានការទទួលទេវត្តា ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ដោយឡែកសម្រាប់កម្មវិធី កម្សាន្តសប្បាយៗ មានដូចជា ការសម្តែងសិល្បៈរបាំប្រពៃណី មានរបាំទ្រុត ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយជាតិដែលជាកេរ្តិ៍ដំណែរដូនតាខ្មែរ និងមានប្រគំតន្ត្រី បុរាណ-សម័យ ការរាំលេងកម្សាន្ត គ្រប់ទម្រង់ និងគ្រប់ចង្វាក់ភ្លេង និងតាំងពិពណ៌ផលិតផលខ្មែរ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ្ននេះតែម្តង ។
ព្រមជាមួយគ្នានេះ រដ្ឋបាលរាជធា នីភ្នំពេញ ក៏បានលើកទឹកចិត្ត ឱ្យពលរដ្ឋដែលចូលរួម ស្លៀកសម្លៀកបំពាក់ប្រពៃណី ក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីលើកស្ទួយដល់វប្បធម៌ជាតិផងដែរ ។
បន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានភ្ជាប់ការបើកដំណើរ ការផ្លូវថ្មើរជើង Walk Street ជាមួយការរៀបចំសង្ក្រាន្ត វត្តភ្នំផងដែរ ពោលគឺផ្លូវថ្មើរជើងនឹងបើកបន្តដល់៥ថ្ងៃ ដោយបន្ថែម៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ រហូតដល់បញ្ចប់បុណ្យចូលឆ្នាំថ្មី ។
បើតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរាជធានីភ្នំពេញ មានប្រសាសន៍ថា “ទាក់ទងជាមួយនឹងកាត្រៀម រៀបចំសង្ក្រាន្តវត្តភ្នំ របស់រដ្ឋបាល រាជធានីភ្នំពេញ សម្រាប់ឆ្នាំនេះ គឺមានចំណុចដែល ប្លែកពីឆ្នាំរាល់ដង ដោយសារថាឆ្នាំនេះ យើងមានការផ្សាភ្ជាប់ផ្លូវថ្នើរជើង មករមណីយដ្ឋានវត្តភ្នំ មានន័យថា យើងមានទីតាំងកម្សាន្តពីសង្ក្រាន្តវត្តភ្នំនេះផង ហើយនិងភ្ជាប់ទៅដល់ Walk Street ដែរ ។ មានន័យថា ឆ្នាំនេះ ទីតាំងកម្សាន្តរបស់យើង គឺមានបរិវេណធំឆ្នាំកន្លងទៅ” ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានទាំងអស់ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង របស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំនេះផងដែរ។
ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យ បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការរៀបចំសង្ក្រាន្តវត្តភ្នំ អាជ្ញាធរមូលដ្ឋានតាមបណ្តាខណ្ឌនីមួយៗទាំង១៤ខណ្ឌ ក៏បានត្រៀមរៀបចំធ្វើសង្ក្រាន្តរបស់ខណ្ឌនីមួយៗដែរ ដូចនេះតាមបណ្តាខណ្ឌនីមួយៗ មានទីតាំងរៀបចំសង្ក្រាន្ត អបអរសាទរឆ្នាំថ្មីដែរ ដើម្បីបម្រើដល់ការលេងកម្សាន្ត ជូនប្រជាពលរដ្ឋ ។
ដោយឡែកសម្រាប់ការការពារសន្តិសុខសណ្តាប់ និងរបៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ត្រូវបានអ្នកនាំពាក្យ គូសបញជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធានាជូនប្រជាពលរដ្ឋ អាចមកលេងកម្សាន្តដោយភាពរីករាយ ដោយមិនក្តីបារម្ភ ដោយសាររដ្ឋបាលរាជធានីភ្នំពេញ មិនបានកាត់បន្ថយកម្លាំង ឬវិធានការណាមួយឡើយ ពោលមិនខុសពីការរៀបចំបុណ្យធំៗ ថ្នាក់ជាតិក្តី ថ្នាក់អន្តរជាតិក្តី ដែលរដ្ឋបាលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះនោះដែរ គឺបានត្រៀមរួចរាល់ ក្នុងការផ្តល់នូវការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋ៕