អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី
ភ្នំពេញ៖ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាតមួយគ្រួសារ រស់នៅក្នុងភូមិ ខ្លាខាំឆ្កែ ស្ថិតក្នុងឃុំតាឡំ ស្រុកមង្គលបូរី ទទួលបានអំណោយផ្ទះមួយខ្នង ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានពិនិត្យឃើញថាគ្រួសារខាងលើមានជីវភាពលំបាក ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានសម្រេចផ្តល់ផ្ទះមួយខ្នង ដើម្បីរស់នៅបានបានសមរម្យ។
ព្រមទាំង បានប្រគល់ផ្ទះមួយខ្នងទៀតជូនជនចាស់ជរាទុរគតគ្មានទីពឹង នៅឃុំឬស្សីក្រោក មួយគ្រួសារទៀតផងដែរ។
ពិធីប្រគល់ផ្ទះនេះផងដែរ ក៏មានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក យុវជន បានចូលរួមនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រី អាយុ៤៤ឆ្នាំ ដែលមានប្តីឈ្មោះ មឿន វណ្ណៈ អាយុ៤៥ឆ្នាំ ជាលទ្ធផលគ្រួសាររស់នៅក្នុងសភាពក្រីក្រ និងមានមុខរបរមេផ្ទះស្នាក់នៅ ជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន៨នាក់ស្រី៤នាក់ រស់នៅក្នុងភូមិ ខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី អំណោយទទួលបានរួមមាន អង្ករ ៥០គីឡូក្រាម រួមទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។
ជាមួយគ្នានោះ សាខាកាកបាទក្រហម ក៏បានផ្តល់ជូននូវអំណោយជួយគ្រួសារមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។
ដោយឡែកមួយគ្រួសារទៀតជាជនចាស់ជរាទុរគតគ្មានទីពឹង ឈ្មោះ ពៅ សេក ភេទស្រី អាយុ៨១ឆ្នាំ ភូមិផាស៊ីស្រា ឃុំឬស្សីក្រោក ក៏ទទួលបានផ្ទះមួយខ្នង រួមមាន អង្ករ ៥០គីឡូក្រាម រួមទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ៕