ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។
ពិធីបើកការដ្ឋានសាងសង់ផ្លូវនេះ ប្រារព្ធឡើងនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម Stefan MESSERRER ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់, ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង, ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម លោកជំទាវ តំណាងស្ថានទូត, តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍, និងសហភាពអឺរ៉ុប, ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត,, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម លោកជំទាវ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, ថ្នាក់ដឹកនាំខេត្ត, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, មន្ដ្រីរាជការ, អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ ១ ៦០០នាក់។
ថ្លែងក្នុងពិធីបើកការដ្ឋាន ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ពិធីសម្ពោធបើកការដ្ឋាននាថ្ងៃនេះ គឺស្ថិតក្នុងបរិយាកាសដែលរាជរដ្ឋាភិបាល កំពុងបង្កើនការយកចិត្តទុកដាក់ និងធ្វើសកម្មភាពប្រកបដោយឆន្ទៈម៉ឺងម៉ាត់ និងហ្មត់ចត់ ក្នុងកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការបង្កើនល្បឿននៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ត្រូវបន្តសហការគ្នាឱ្យបានល្អ ក្នុងការថែទាំឱ្យបានគង់វង្សនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលមានស្រាប់និងដែលកំពុងកសាងនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះ សហភាពអឺរ៉ុប, រដ្ឋាភិបាលបារាំង និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលជានិច្ចកាលតែងតែផ្តល់នូវការគាំទ្រ សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ក៏ដូចជាវិស័យផ្សេងៗទៀតនៅកម្ពុជា ព្រមទាំងបានស្នើសុំបន្តគាំទ្រ ឱ្យមានកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា ជំហានទី២ “RID4CAM Phase II” បន្តទៀត។
សូមបញ្ជាក់ថា ផ្លូវជនបទដែលត្រូវបើកការដ្ឋានសាងសង់មានចំនួន ១២ខ្សែ ប្រវែងសរុប ៩២,៩០គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិចំនួន៥១ ឃុំចំនួន៩ ស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ ហើយដែលនឹងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋចំនួន ៣១៧៣១គ្រួសារ។ ផ្លូវទាំង១២ខ្សែនេះនឹងបង្កើនការតភ្ជាប់ និងបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដោយបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផល ទៅទទួលសេវាសាធារណៈផ្សេងៗដូចជា រដ្ឋបាល និងសុខាភិបាល បង្កើនឱកាសការងារ ព្រមទាំងចំណេញពេលវេលា ថវិកា និងសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀនផងដែរ ៕