លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យទី៣០ ខែមីនា ថា លោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក។ ប៉ុន្តែលោកថា វាលឿនពេកក្នុងការគិតធ្វើដូច្នេះ។
លោក ត្រាំ ដែលបានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា សម្រាប់អាណត្តិទីពីររបស់ខ្លួនក្នុងការយកឈ្នះដៃគូនយោបាយដ៏មានសក្តានុពលមកពីគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ថា វាលឿនពេកក្នុងការគិតអំពីរឿងនេះ ប៉ុន្តែថា.មានវិធីសាស្ដ្រក្នុងការធ្វើដូច្នេះ។ យោងតាមវិសោធនកម្មលើកទី២២ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាម៉េរិក ប្រធានាធិបតី ត្រូវបានកំណត់ឱ្យកាន់តំណែងត្រឹមពីរអាណត្តិប៉ុណ្ណោះ។ សំណើដើម្បីផ្លាស់ប្ដូរវិសោធនកម្មរដ្ឋធម្មនុញ្ញតម្រូវឱ្យមានការបោះឆ្នោតពីរភាគបីនៅក្នុងសភាទាំងពីរ និងការផ្ដល់សច្ចាប័នដោយសភានៃបីភាគបួននៃរដ្ឋចំនួន៥០របស់សហរដ្ឋអាម៉េរិក។
លោក ដូណាល់ ត្រាំ ដែលមានអាយុ៧៨ឆ្នាំ ជាប្រធានាធិបតីអាម៉េរិកចាស់ជាងគេនៅពេលលោកឡើងកាន់តំណែង នឹងមានអាយុ៨២ឆ្នាំប្រសិនបើលោកបានកាន់តំណែងរយៈពេល៤ឆ្នាំទៀត បន្ទាប់ពីការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៨។
គួរបញ្ជាក់ថា ការកំណត់ត្រឹម២អាណត្តិសម្រាប់ការកាន់តំណែងជាប្រធានាធិបតី ត្រូវបានកំណត់ដោយលោក ចច វ៉ាស៊ីនតោន (George Washington) ក្នុងឆ្នាំ១៧៩៦ ហើយត្រូវបានអនុវត្តអស់រយៈពេលជាង១៤០ឆ្នាំមកហើយ។ យ៉ាងណា ក្នុងឆ្នាំ១៩៤០ លោក ហ្វ្រែងគ្លីន ឌី រ៉ូសវេល (Franklin D Roosevelt) ជាអ្នកប្រជាធិបតេយ្យធ្លាប់ជាប្រធានាធិបតីក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏ធំ និងសង្រ្គាមលោកលើកទីពីរ បានកាន់តំណែង៣អាណត្តិ ដោយបានស្លាប់នៅដើមអាណត្តិទី៤ ក្នុងឆ្នាំ១៩៤៥ ដែលនាំឱ្យមានវិសោធនកម្មឆ្នាំ១៩៥១ លើដែនកំណត់រយៈពេលនៃការកាន់តំណែង។