ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍
ប៉េកាំង៖ កាសែត South China Morning Post បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍ ដោយក្នុងនោះ ក៏មានកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលដែលរដ្ឋធានីប៉េកាំងពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ចំពេលមានការព្រួយបារម្ភក្នុងតំបន់អំពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិកក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
មេដឹកនាំចិននឹងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា វៀតណាម និងម៉ាឡេស៊ី ដែលទំនងជាធ្វើឡើងនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥នេះ។ លោក ស៊ី គ្រោងនឹងចំណាយពេលបីថ្ងៃនៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឆ្នាំនេះ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនធ្វើឡើងនៅពេលដែលរដ្ឋធានីប៉េកាំងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយដៃគូក្នុងតំបន់ ខណៈដែលមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ លើសាកលលោកនេះកំពុងព្យាយាមបង្ហាញថាខ្លួនជាដៃគូក្នុងតំបន់ដ៏គួរឱ្យទុកចិត្ត និងមានការទទួលខុសត្រូវ។
ដំណើរទស្សនកិច្ចរបស់លោក ស៊ី មកកាន់ប្រទេសកម្ពុជាអាចធ្វើឡើងបន្ទាប់ពីការសម្ពោធមូលដ្ឋានទ័ពជើងទឹករាមជាផ្លូវការនៅថ្ងៃទី២ ខែមេសា ដែលការពង្រីកនោះត្រូវបានគាំទ្រដោយរដ្ឋាភិបាលប៉េកាំង។
គួរបញ្ជាក់ថា អាម៉េរិកបានលើកឡើងពីការព្រួយបារម្ភថា មូលដ្ឋានកងទ័ពជើងទឹករាមនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកដំបូងគេរបស់ចិននៅឥណ្ឌូប៉ាស៊ីហ្វិក។ យ៉ាងណា រដ្ឋធានីប៉េកាំងបានច្រានចោលការអះអាងបែបនេះ។ លោក ស៊ី ធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីអំឡុងខែតុលា ឆ្នាំ២០១៦ មកដល់ពេលនេះមានរយៈពេលជាង៨ឆ្នាំហើយ។