អភិបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ឡាយ ស៊ុនឈាន អគ្គកុងស៊ុល ដែលបានអញ្ជើញមកជួបសម្ដែងការគួរសម ពិភាក្សាការងារ និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ឡាយ ស៊ុនឈាន បានសម្ដែងនូវការគោរព និងជូនពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ នូវពរជ័យសិរីសួស្ដីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋបាលខេត្តតាកែវ និងអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ជាពិសេសក្នុងនាមជាប្រទេសជិតខាង និងខេត្តជាប់ព្រំដែន។
ជាការឆ្លើយតប ឯកឧត្តម វ៉ី សំណាង បានថ្លែងអំណរគុណចំពោះការអញ្ជើញមកជូនពរ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តតាកែវ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងពាណិជ្ជកម្មឱ្យបានល្អ និងរឹងមាំ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរប្រទេស។
ជំនួបនេះ បានបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកម្ពុជា និងវៀតណាម ជាពិសេសក្នុងបរិបទនៃទំនាក់ទំនងទ្វេភាគីដែលកំពុងបន្តរីកចម្រើន ៕