នាយកដ្ឋានសេដ្ឋកិច្ចបៃតង សហការជាមួយអង្គការ WWF រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី “ការលុបបំបាត់ប្លាសិ្ទក សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន”
ភ្នំពេញ៖ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រក្រសួងបរិស្ថាន បានសហការជាមួយអង្គការ WWF រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី “ការលុបបំបាត់ប្លាសិ្ទក សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន” ក្រោមអធិបតីភាពបើក ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីលោក ងិន សុវិមាន អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគីរី ព្រមទាំងការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងបរិស្ថាន មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងតំណាងអង្គការ WWF ជាច្រើនរូបទៀត នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅខេត្តមណ្ឌលគីរី។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយប្លាស្ទិក និងការសាកល្បងការលុបបំបាត់ប្លាស្ទិកក្នុងវិស័យឯកជន ការបញ្ជ្រាបការសន្ទនាអំពីការលុបបំបាត់ប្លាស្ទិកទៅកាន់សហគមន៍ និងការអនុវត្តយន្កការចក្រាក្នុងវិស័យឯកជន។
ថ្លែងបើកសិក្ខាសាលា ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងពីការខិតខំរបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងរិស្ថាន ដែលសម្រេចបាននូវលទ្ធផលយ៉ាងច្រើន ពាក់ពន្ធទៅនឹងកិច្ចគាំពារបរិស្ថាន ការការពារជីវៈចម្រុះ និងធនធានធម្មជាតិ ដោយបានដាក់ចេញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងផែនការយុទ្ធសាស្រ្តជាក់លាក់ ជាពិសេសគឺយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានយុទ្ធសាស្រ្តស្នូលចំនួនបី ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីជំរុញដល់ការលើកកម្ពស់គុណភាពបរិស្ថាននៅកម្ពុជាឱ្យកាត់តែល្អប្រសើរថែមទៀត។
បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ពីសារៈសំខាន់អំពីយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដោយមានការចូលរួមយ៉ាងផុសផុល ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការនេះ ដើម្បីឈានទៅដល់កម្ពុជាគ្មានសំណល់ប្លាស្ទិកនាពេលអនាគត។
ជាមួយគ្នានេះ លោក ងិន សុវិមាន អភិបាលរង នៃណៈអភិបាលខេត្តមណ្ឌលគីរី បានលើកឡើងថា រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ទៅលើកិច្ចគាំពារបរិស្ថាន ក៏ដូចជាការបំពុលនានាដែលប៉ះពាល់ដល់បរិស្ថាននៅក្នុងខេត្តមណ្ឌលគីរី។
លើសពីនេះ លោកក៏បានសង្កត់ធ្ងន់អំពីការតាំងចិត្តរបស់ខ្លួនក្នុងការគ្រប់គ្រងសំរាម ឬសំណល់ប្លាស្ទិកឱ្យបានកាន់តែមានប្រសិទ្ធភាព និងបន្តគាំទ្រអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជាយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន ៕