សម្ដេចតេជោ អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសាច់ញាតិក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បន្ទាប់ពីបានប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា រយៈពេល៧ថ្ងៃកន្លងមកនេះ។
ពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានប្រារព្ធធ្វើឡើងនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការ យាង និមន្ត និងអញ្ជើញចូលរួមពីសម្ដេចសង្ឃ មន្ត្រីសង្ឃ និងថ្នាក់ដឹកនាំកំពូលៗជាច្រើនផងដែរ។
មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់បង បងថ្លៃ បិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មានដល់កូនចៅ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម និងជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។
ការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឲ្យបងប្អូន កូនក្មួយ ចៅ ចៅទួត ញាតិមិត្តសាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានសេចក្តីសោកស្ដាយអាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ៕