សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសថា សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យសម្ព័ន្ធមិត្តតំបន់អាស៊ីរបស់ខ្លួន គឺហ្វីលីពីន ទុកសម្រាប់ប្រឆាំងកំណើននៃភាពតានតឹងដែលបង្កឡើងដោយមហាយក្សចិន។
ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសបើកភ្លើងខៀវដល់ការលក់សព្វាវុធ រួមមានយន្តហោះ F-16 ចំនួន២០គ្រឿង និងឧបករណ៍ពាក់ព័ន្ធដល់ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឱ្យដឹងថា៖«ការលក់សព្វាវុធ នឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃដៃគូយុទ្ធសាស្ត្រដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ សន្តិភាព និងវឌ្ឍនភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។
ការលក់នេះ នឹងជំរុញសមត្ថភាពរបស់កងទ័ពអាកាសហ្វីលីពីន ដើម្បីបង្កើនការយល់ដឹងអំពីដែនសមុទ្ទ និងការការពារដែនអាកាស។ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានព្យាយាមបង្វែរកិច្ចខិតខំប្រឹងប្រែងយោធារបស់សហរដ្ឋអាមេរិកទៅកាន់តំបន់អាស៊ី ដើម្បីឆ្លើយតបចំពោះការកើនឡើងនៃឥទ្ធិពលរបស់មហាយក្សចិន ជាពិសេសពាក់ព័ន្ធនឹងកូនកោះតៃវ៉ាន់។
ហ្វីលីពីន និង ចិន បាន ប៉ះទង្គិច គ្នា កាន់ តែ ខ្លាំង ជាច្រើន លើកច្រើនសា នៅ សមុទ្រទចិន ខាង ត្បូង។ រដ្ឋធានីប៉េកាំង បានទាមទារស្ទើរតែទាំងស្រុងនៃផ្លូវទឹកដ៏សំខាន់ ទោះបីជាមានសេចក្តីសម្រេចអន្តរជាតិថា ការអះអាងរបស់ពួកគេមិនមានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីម៉ានីលនាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ភីត ហេសេត (Pete Hegseth) បានប្តេជ្ញារារាំងសង្គ្រាមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមការគំរាមកំហែងពីពួកកុម្មុយនិស្តចិន។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ក៏បានរំឭកឡើងវិញនូវការប្តេជ្ញាចិត្តការពារជាតិរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសហ្វីលីពីន៕