មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា
វ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារទី១ ខែមេសា មន្ទីរបញ្ចកោណអះអាងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត (Pete Hegseth) បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា តាមរយៈការបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់តំបន់ផុសឡើងដោយវិបត្តិមួយនេះ ចំពេលយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិករយៈពេលជាងពីរសប្តាហ៍នៅក្នុងប្រទេសយេម៉ែន កំពុងធ្វើឱ្យអ៊ីរ៉ង់ឈឺចិត្តស្អិតទ្រូង។
មន្ទីរបញ្ចកោណមិនបានបញ្ជាក់ពីយន្តហោះដែលត្រូវបានដាក់ពង្រាយ នៅន្លែងណាឱ្យច្បាស់លាស់ទេ ប៉ុន្តែយន្តហោះទម្លាក់គ្រាប់បែក B-2 ដល់ទៅ៦គ្រឿងបានហោះប្តូរទីតាំងនៅក្នុងសប្តាហ៍មុន ទៅកាន់មូលដ្ឋានយោធាអាម៉េរិក-អង់គ្លេស នៅលើកោះឌីហ្គោហ្កាសៀ (Diego Garcia) មហាសមុទ្ទឥណ្ឌា ខណៈទីតាំងនេះ គឺអំណោយផលដល់ប្រតិបត្តិការភ្លាមៗ និងទាន់ពេលវេលានៅមជ្ឈិមបូព៌ា។
អ្នកជំនាញអះអាងថា យន្តហោះ B-2s មានបច្ចេកវិទ្យាបំបាំងកាយ និងត្រូវបានបំពាក់សម្រាប់ផ្ទុកគ្រាប់បែក និងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក ដែលមានទម្ងន់ធ្ងន់បំផុតចំនួន៣ម៉ឺនផោន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក សៀន ប៉ាណែល៍ (Sean Parnell) បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រសិនបើអ៊ីរ៉ង់ ឬអ្នកតំណាង[ដៃជើងរដ្ឋធានីតេហេរ៉ង់] គំរាមកំហែងបុគ្គលិក និងផលប្រយោជន៍របស់អាម៉េរិកនៅក្នុងតំបន់ នោះសហរដ្ឋអាម៉េរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារប្រជាជនរបស់យើង»។ តាមពិតទៅ អាម៉េរិកមានទីតាំងយុទ្ធសាស្រ្តយោធាស្អេកស្កះនៅឯមជ្ឈិមបូព៌ារួចទៅហើយ។ យោធាអាម៉េរិកនឹងបញ្ជូននាវាផ្ទុកយន្តហោះចំនួន២គ្រឿងទៅកាន់តំបន់នេះក្នុងពេលឆាប់ៗបន្ថែមទៀត។
កាលពីថ្មីៗ.ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមអ៊ីរ៉ង់ជាមួយនឹងការទម្លាក់គ្រាប់បែក និងការដាក់គំនាបពន្ធបន្ទាប់បន្សំ ប្រសិនបើរដ្ឋធានីតេហេរ៉ង់មិនឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋធានីវ៉ាស៊ីនតោន ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ។ យ៉ាងណា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អេយ៉ាយូឡាហ៍ អាលីខាមេនី បានប្រតិកម្មថា សហរដ្ឋអាម៉េរិកនឹងត្រូវថ្មោង ប្រសិនបើឥន្រ្ទីចំពុះដែកអាម៉េរិក ដូណាល់ ត្រាំ បន្តតាមព្យាបាទ និងគំរាមកំហែងអ៊ីរ៉ង់៕