ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ដឹកនាំដោយ ឯកឧត្តម ហ្វិញ មិញត្វិន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តដុងថាប់ និង ឯកឧត្តម ង្វៀង ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក្នុងឱកាសអញ្ជើញអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ គ្រឹស្តសករាជ២០២៥ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។
ឯកឧត្តម ហ្វិញ មិញត្វិន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងតាមរយៈជំនួបថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការ រវាងដុងថាប់ និងខេត្តពោធិ៍សាត់ គឺឈរលើស្មារតីកិច្ចសហការសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ «វៀតណាម-កម្ពុជា»។ ការសហការគ្នាយ៉ាងល្អប្រសើរនេះ ជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ទាំងការដឹកនាំ និងការអភិវឌ្ឍ។
ឯកឧត្តម ហ្វិញ មិញត្វិន បានបន្តថា ប្រទេសយើងទាំងពីរ តែងតែពង្រឹង និងពង្រីកការលើកកម្ពស់ទំនាក់ទំនងឱ្យរីកចម្រើន ដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង ស្របទៅនឹងបាវចនា នៃការទំនាក់ទំនងប្រទេសទាំងពីរ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជាការពិតណាស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្ត យើងទាំង២ (ពោធិ៍សាត់-ដុងថាប់) ក្នុងរយៈកាលកន្លងមកនេះ ជានិច្ចកាលបានបន្តកិច្ច សហប្រតិបត្តិការល្អ និងធ្វើការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាបងប្អូនល្អ និងជាប្រទេសដែលមានភូមិផងរបងជាប់គ្នា។ ជាមួយគ្នានេះ យើងក៏មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងនោះក៏មានកងទ័ពស្ម័គ្រចិត្ត របស់ខេត្តដុងថាប់ផងដែរ។
ឯកឧត្តមអភិបាលខេត្ត សូមឆ្លៀតយកឱកាសនេះ ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែមានការរីកចម្រើន និងជីវភាពប្រជាជន ឱ្យកាន់តែមានភាពធូរធារថែមមួយកម្រិតទៀត និងសំដៅចូលរួមចំណែកសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕