ទំនើបកម្មតាមបែបផែនចិន រួមចំណែកជាប្រាជ្ញានិងកម្លាំងចលករ ដល់ទំនើបកម្មសកល
ការធ្វើទំនើបកម្មតាមបែបផែនចិន ត្រូវបានបំបែកចេញពីគំនិតនៃទំនើបកម្មទូទៅមួយ ដែលកើតចេញពីទំនើបកម្មបែបបស្ចិមប្រទេស។ ការធ្វើទំនើបកម្ម មិនអាចឱ្យប្រទេសនីមួយៗយកគំរូតាមទាំងស្រុងនោះទេ ដោយឡែក ប្រទេសចិនបានស្វែងរកផ្លូវអភិវឌ្ឍន៍សមស្របនឹងលក្ខខណ្ឌរបស់ខ្លួន និងប្រកបដោយនិរន្តរភាព ដែលបានផ្តល់នូវបទពិសោធអាចអនុវត្តតាមបាន សម្រាប់បណ្តាប្រទេសសកលខាងត្បូងក្នុងការសម្រេចបាននូវទំនើបកម្មរៀងៗខ្លួន។ ការធ្វើទំនើបកម្មបែបចិននេះ ត្រូវបានលើកឡើងដោយលោក ប្រធានាធិបតី ស៊ី ជិនភីង ក្នុងឆ្នាំ២០២១ថា គឺជាចលករដ៏អស្ចារ្យមួយសម្រាប់ជំរុញកំណើនក្នុងពេលអនាគត។
វិធានការរបស់ចិនក្នុងការធ្វើទំនើបកម្ម បានឆ្លុះបញ្ចាំងឱ្យឃើញអំពីឯកត្តភាពនៃគំរូអភិបាលកិច្ច និងបានផ្តល់នូវទស្សនវិស័យផ្សេងៗ សម្រាប់ធ្វើឱ្យសង្គមមួយមានភាពជោគជ័យ។ ទស្សនវិជ្ជា «ប្រជាជនមជ្ឈមណ្ឌល» គឺជាស្នូលនៃទំនើបកម្មបែបចិន ដែលផ្តល់អាទិភាពដល់សុខមាលភាពរបស់ប្រជាជន ដែលឆ្លើយតបនឹងគតិបណ្ឌិតបុរាណរបស់ចិន ដែលបានលើកឡើងថា «ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស»។ ទំនើបកម្មបែបចិននេះ មិនត្រឹមតែជាការធ្វើឱ្យមានភាពជោគជ័យលើវិស័យសេដ្ឋកិច្ចនោះទេ ថែមទាំងធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់នូវអត្ថន័យដ៏ស៊ីជម្រៅនៃពាក្យថា ទំនើបកម្មបែបចិននេះទៀតផង ។ ជាក់ស្តែងយើងមើលឃើញថា ពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមនឹងភាពមិនច្បាស់លាស់ រីឯប្រទេសចិនវិញកំពុងតែឈានដល់បទពិសោធន៍នៃមេរៀនដ៏មិនអាចកាត់ថ្លៃបាន ដែលជាអគ្គមគុទេសក៏ដ៏ត្រឹមត្រូវសម្រាប់មនុស្សជាតិ ដើម្បីឆ្ពោះទៅរកភាពរីកចម្រើននៃសមភាព និង ចីរភាព។
ចរឹតលក្ខណៈនៃទំនើបកម្មនេះ មាន៥យ៉ាង គឺ ១)ប្រជាជនច្រើន ២) វិបុលភាពរួមសម្រាប់ទាំងអស់គ្នា ៣) ការរីកចម្រើននៃសម្ភារៈ វប្បធម៌ និង ក្រមសីលធម៌ ៤) សុខុដុមរម្យនារវាងមនុស្សជាតិនិងធម្មជាតិ និង ៥)ការអភិវឌ្ឍប្រកបដោយសន្តិភាព។ ដើម្បីបំពេញនូវចរឹតលក្ខណៈទាំង៥ខាងលើ ប្រទេសចិនបានយកចិត្តទុកដាក់ខ្លាំង លើការគាំទ្រដល់ភាពជាអ្នកដឹកនាំក្នុងបក្សកុម្មុយនីស្តចិន ចង់ភ្ជាប់រវាងសង្គមនិយមទៅនឹងចរឹតលក្ខណៈចិន ដើម្បីប្រែក្លាយទ្រឹស្តី មនោ ភ្ជាប់ទៅនឹងសង្គមចិន ។ លើសពីនេះទៀត ប្រទេសចិនបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ដើម្បីជំរុញការអភិវឌ្ឍប្រទេសចិនប្រកបដោយនិរន្តរភាព និង អភិវឌ្ឍដំណើរការប្រជាមានិតប្រជាធិបតេយ្យទាំងមូល ដែលជាទស្សនទាននយោបាយនៃការបង្កើតទំនាក់ទំនងរវាងប្រជាជននិងរដ្ឋាភិបាល ព្រមទាំងធ្វើឱ្យមានភាពសំបូរបែបនៃវប្បធម៌រស់នៅរបស់ប្រជាជន បន្តបើកចំហរសេដ្ឋកិច្ចនិងការកែទម្រង់ប្រទេស។ ក្រៅពីនេះ ប្រទេសចិនក៏បានកសាងនូវសហគមន៍មនុស្សជាតិមួយដែលមានជោគវាសនារួម និង ការបង្កើតទម្រង់ថ្មីសម្រាប់ការរីកចម្រើនរបស់មនុស្សជាតិ។
ទាំងនេះ ជាចលករសំខាន់មួយសម្រាប់បរិបទពិភពលោកថ្មីដែលមានភាពមិនប្រាកដច្បាស់ ទស្សនវិជ្ជារបស់ថ្នាក់ដឹកនាំចិន ក្នុងការធ្វើទំនើបកម្មតាមបែបចិន អាចផ្តល់ជាមេរៀនក៏ដូចជាបទពិសោធន៍សម្រាប់ប្រទេសនានានៅលើសាកលោក ជាពិសេសប្រទេសអភិវឌ្ឍខាងត្បូង និងប្រទេសកម្ពុជា ដែលអាចចាត់ទុកជាគំរូសាកលមួយ ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួនទៅតាមលក្ខខណ្ឌ និង ធនធានដែលខ្លួនមាន។ ការធ្វើទំនើបកម្មតាមបែបចិន បានផ្តល់សារប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា ដែលជាដៃគូគ្រប់ជ្រុងជ្រោយ ជាក់ស្តែងដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានកសាងក្នុងប្រទេសកម្ពុជា រួមមានវារីអគ្គិសនី ផ្លូវជាតិនានា អគារមន្ទីរពេទ្យ ស្ពានថ្នល់ ផ្លូវល្បឿនលឿន និង អគារសិក្សាផងដែរ ដែលធ្វើឱ្យភាគីចូលរួមទាំងអស់ទទួលបានលទ្ធផលឈ្នះ-ឈ្នះទាំងអស់គ្នា។ លើសពីនេះទៀត ការអភិវឌ្ឍវិស័យឧស្សាហកម្មនិងការវិនិយោគរបស់ចិននៅប្រទេសកម្ពុជា ក៏ជាឧទហរណ៍មួយនៃការធ្វើទំនើបកម្មតាមបែបផែនចិន រួមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍបៃតង ដើម្បីការរស់នៅប្រកបដោយនិរន្តរភាព។ ជាលទ្ធផល ទស្សនទានទំនើបកម្មនេះ បានធ្វើឱ្យប្រទេសចិន មានការលូតលាស់សេដ្ឋកិច្ចឥតថមថយ ដើរទន្ទឹមគ្នានឹងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសជាដៃគូ ដូចជាកម្ពុជាជាដើម បើទោះជាបរិបទសេដ្ឋកិច្ចសាកលលោក មិនមានភាពប្រាកដច្បាស់ក៏ដោយ។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា