ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក លើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងចាត់វិធានការតឹងរ៉ឹងបំផុតចំពោះការគ្រប់គ្រងតំបន់៣ បឹងទន្លេសាប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយក ទីចាត់ការ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក។
បន្ទាប់ពីពិនិត្យ ស្តាប់សេចក្តីរាយការណ៍ និងអនុម័តលេីរបៀបវារៈទាំងបីរួចមក ឯកឧត្តម លី សំរិទ្ធ បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសដែលប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រមទាំងចូលរួមក្នុងការថែរក្សាបរិស្ថាន អនាម័យឱ្យបានល្អ ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានលើកសកលលោក មកធ្វើទេសចរណ៍។
ឯកឧត្តមប្រធានក៏បានធ្វើការបញ្ជាក់ផងដែរថា រាល់ការកសាងផែនការ គ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់ ត្រូវផ្តោតទៅលើការវិនិយោគធនធានមនុស្ស និង តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងត្រួតពិនិត្យទៅលើផែនការនីមួយៗរបស់ខេត្ត។
ម៉្យាងទៀតការកសាងផែនការ ត្រូវផ្តោតផងដែរទៅលើបញ្ហាប្រឈម ទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើមី្បស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការបន្សុីគ្នាទៅនឹងផែនការដែលខេត្តបានលើកឡើង ដើមី្បកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ប្រាក់ សោភ័ណ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុត្តបានប្រចាំខែមីនា ព្រមទាំងបានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាតរបស់រដ្ឋបាលខេត្តបានដាក់ចេញក្នុងឆ្នាំ២០២៥ឱ្យសម្រេចបានជោគជ័យ។ កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់ឱ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឱ្យខាងតែបានចំពោះបទល្មើសព្រៃឈើ និង ជលផល និងគ្រប់គ្រងព្រៃលិចទឹកបឹងទន្លេសាប (តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹកតំបន់បីត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។
ឯកឧត្តម ក៏បានលើកផងដែរថា នៅថ្ងៃខាងមុខនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី នឹងធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ប្រមាណជា ៣ម៉ឺនប័ណ្ណ ព្រមទាំងធ្វើពិធីប្រកាសបិទយុទ្ធនាការវាស់វែងដីធ្លី ជាលក្ខណៈប្រព័ន្ធ និង ធ្វើការចុះពិនិត្យរាល់ដីដែលពាក់ព័ន្ធបុរាណដ្ឋានផងដែរ។
ឯកឧត្តម បានបន្តថា ដោយខេត្តសៀមរាបជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ និងកម្មវិធីធំៗទាំងថ្នាក់ជាតិ អន្តរជាតិ ដូចនេះគ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវបង្កើនយកចិត្តទុកដាក់ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានខ្លួន ពិសេសក្នុងពេលប្រជាពលរដ្ឋចូលរួម សប្បាយសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ សំខាន់បណ្តាក្រុង ស្រុក ដែលមានភ្ញៀវឆ្លងកាត់ ត្រូវធ្វើអនាម័យ សម្អាតនៅតាមដងផ្លូវឲ្យបានស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិផងដែរ។
ដើមី្បស្របតាមបច្ចេកវិទ្យាឌីជីថល នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ឯកឧត្តម ប្រាក់ សោភ័ណ បានផ្តល់នូវថេបផ្លែត (tablet) ចំនួន ២៧គ្រឿង ជូនដល់ក្រុមប្រឹក្សាខេត្ត ដើមី្បប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃផងដែរ ៕