គណៈប្រតិភូខេត្តដុងថាប់វៀតណាម អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ គណៈប្រតិភូនៃខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជណាចក្រកម្ពុជា ប្រារព្ធ ឡើង នៅសាលប្រជុំ ក សាលាខេត្ត នាល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
នាឱកាសមកបំពេញបេសកកម្មនោះ ឯកឧត្តម ហ្វ៊ិញ មិញត្វឹន សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈ កម្មាធិការគណៈបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងប្រធានប្រតិភូ បានជូនពរទៅដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រជាជនទូទាំងខេត្ត បន្ទាយមានជ័យ ក្នុងឱកាសឆ្នាំថ្មី ទទួលបាននូវសុខភាពល្អ កម្លាំងកាយពលមាំមួន និងសូមឱ្យខេត្ត កាន់មានការអភិវឌ្ឍន៍រីកចម្រេីនបន្ថែមទៀត។
ក្នុងនោះឯកឧត្តម ហ្វ៊ិញ មិញត្វឹន ក៏បានថ្លែងអរគុណទៅដល់រដ្ឋបាលខេត្ត ដែលបានជួយសម្របសម្រួល មើលថែយ៉ាងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងខេត្តបន្ទាយមានជ័យ ប្រកបដោយភាពកក់ក្ដៅ ដែលបានបង្ហាញអំពីទំនាក់ទំនង សាមគ្គីភាពរវាងខេត្ត និងខេត្ត ក៏ដូចជាប្រទេសទាំង២ កាន់តែមានភាពជិតស្និទ្ធយូរអង្វែង។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានអរគុណចំពោះគណៈប្រតិភូវៀតណាមដែលបានចំណាយពេលវេលា ដ៏មានតម្លៃមកបំពេញបេសកកម្មនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ជូនពរឆ្នាំថ្មីដល់ថ្នាក់ ក៏ដូចជាប្រជាជននៅក្នុងខេត្តទាំងមូល។
ឯកឧត្ដម អភិបាលខេត្តក៏បានលេីកឡេីងថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាបន្តបន្ទាប់ផង ជាមួយខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម តែដោយសារវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ត្រូវបានខកខានក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នា។
ក្នុងនាមរដ្ឋបាលខេត្ដ ឯកឧត្ដម ក៏សង្ឃឹមយ៉ាងមុតមាំ ថានឹងរកពេលវេលាសមស្របណាមួយ ក្នុងការបន្តអនុស្សរណៈនៃយោគយល់គ្នាបន្តទៀត ដើម្បីបន្តរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងយ៉ាងស្អិតរមួតរវាងខេត្តបន្ទាយមានជ័យ និងខេត្តដុងថាប់ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានព្រមព្រៀងគ្នាធ្វើការអភិវឌ្ឍទំនាក់ទំនងទ្វេរភាគី ក្នុងដំណាក់កាលថ្មី ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង ” ឆ្លើយតបនឹងស្មារតី នៃកិច្ចសហប្រតិបត្តិការល្អនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដល់បេសកកម្មរបស់ក្រុមរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីធ្វើមាតុភូមិនិវត្តន៍ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ជាថ្មី ដោយ មានកិច្ចសហការល្អរវាងតំ បន់ប្រតិបត្តិការសឹករងខេត្ត និងក្រុម K71 វៀតណាម។
ជាលទ្ធផល ការរុករកអដ្ឋិធាតុមាន២៥ដំណាក់កាលគឺ ចាប់ពីឆ្នាំ២០០១-២០២៤ រុករកឃើញចំនួន៧៦១សព ដោយឡែកចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥បានរុករកឃើញចំនួន៨៣សព ដូច្នេះ ជាសរុបមានចំនួន៨៤៤សព៕