ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង បញ្ជាឱ្យមានវិធានការគាំទ្រជាបន្ទាន់សម្រាប់អាជីវកម្មដែលនឹងត្រូវរងផលប៉ះពាល់ដោយការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក
សេអ៊ូល៖ លោក ហាន ដុកស៊ូ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង បានបញ្ជាឱ្យមានវិធានការគាំទ្រជាបន្ទាន់សម្រាប់អាជីវកម្មដែលនឹងត្រូវរងផលប៉ះពាល់ដោយការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក។
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធគយជាសកល ដែលរួមមានអត្រា២៥ ភាគរយលើកូរ៉េខាងត្បូង។
ជាការឆ្លើយតប លោក ហាន បានស្នើឱ្យរដ្ឋមន្ត្រីឧស្សាហកម្មវិភាគខ្លឹមសារនៃពន្ធគយ និងចរចាយ៉ាងសកម្មជាមួយរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាម៉េរិក។
លោក ហាន បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងមន្ត្រីកំពូលផ្សេងទៀតថា៖«នៅពេលដែលសង្រ្គាមពាណិជ្ជកម្មសកលបានក្លាយជាការពិត រដ្ឋាភិបាលត្រូវតែបញ្ចេញសមត្ថភាពទាំងអស់របស់ខ្លួនដើម្បីយកឈ្នះវិបត្តិពាណិជ្ជកម្ម»។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ឆយ សាំងម៉ុក បានបញ្ជាក់ថា អាជ្ញាធរនឹងចាត់វិធានការដែលអាចធ្វើទៅបានទាំងអស់ ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចប្រជុំដាច់ដោយឡែកជាមួយទេសាភិបាលធនាគារកណ្តាល និងមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុផ្សេងទៀត។
លោក ហាន នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយវិស័យឯកជននៅថ្ងៃព្រហស្បតិ៍ទី៣មេសានេះ ដើម្បីពិភាក្សាអំពីការឆ្លើយតបចំពោះពន្ធគយរបស់សហរដ្ឋអាម៉េរិក៕