សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយសមស្របណាមួយ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយសមស្របណាមួយ ពាក់ព័ន្ធនិងការដំឡើងពន្ធគយរបស់សហរដ្ឋអាម៉េរិកលើទំនិញនាំចូលពីកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី បានកត់សម្គាល់ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយនាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយបានជារដ្ឋបាលប្រធានាធិបតី ឯកឧត្តម ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធនាំចូលឆ្លើយតប(Reciprocal Tariffs) លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្តែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយវៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែលប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះទៀតសោត មានតែ ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះតែប៉ុណ្ណោះ។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីរកដំណោះស្រាយសមស្របណាមួយ។
សម្តេចធិបតី បន្តថា បញ្ហានេះអាចបង្កផលប៉ះពាល់មួយចំនួនដោយចៀសមិនរួចមកលើកម្ពុជា ប៉ុន្តែវាមិនអាក្រក់ដូចអ្វីដែលអ្នកលេងបណ្តាញសង្គមមួយចំនួនខំប្រឹងស្រែកបំភ័យនោះឡើយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋស្ងប់ចិត្តហើយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ៕