សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដោះស្រាយលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដោះស្រាយលើការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចធិបតី មានប្រសាសន៍ថា កន្លងទៅនេះ សម្តេច បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈដោយត្រូវកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងប៉ាណូធំៗឱ្យមកនៅត្រឹមតែ ៥០% នៃចំនួនផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងសរុបនៅទូទាំងប្រទេស។
ជាមួយគ្នានេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដែលមានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងដឹកនាំដោយក្រសួងព័ត៌មាន និងដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានសម្របសម្រួលនិងដោះស្រាយ ដោយទទួលបានលទ្ធផលល្អប្រសើរ៕