កិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័ត សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ទៅតាមការចង្អុលបង្ហាញនិងមគ្គុទ្ទេសក៍របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយមានឋានានុក្រមទី៣ នៅក្នុងឯកសារក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍ជាតិ បន្ទាប់ពីកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
សេចក្តីព្រាង ផ.យ.អ.ជ. នេះ ជាផែនការចង្អុលបង្ហាញក្នុងរយៈពេលមធ្យមក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចទីផ្សារ និងជាឧបករណ៍គោលនយោបាយចម្បងក្នុងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្ររួមរបស់រាជរដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបានគិតគូរពីការប្រែក្លាយការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឱ្យទៅជាសកម្មភាពដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
សេចក្តីព្រាងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ គឺ ទី១. ដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ទី២. ដើម្បីដាក់ចេញនូវវិធានការ សកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យនិងអន្តរវិស័យ ដែលជាមគ្គុទ្ទេសក៍សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ដោយតម្រឹមតម្រង់ជាមួយនឹងគោលដៅយុទ្ធសាស្ត្ររួមនៃការអភិវឌ្ឍជាតិ និងធានានូវបាវចនាទាំង៥ របស់យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងទី៣. ដើម្បីដាក់ចេញជាយន្តការមួយសម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃ សំដៅធានាការអនុវត្ត ផ.យ.អ.ជ. របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយជោគជ័យ។ ជារួមសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានដាក់ចេញនូវវិធានការ ផែនការសកម្មភាពកម្មវិធីអាទិភាពតាមវិស័យ និងសូចនាករសមិទ្ធកម្មច្បាស់លាស់សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីជំរុញឱ្យការអនុវត្តអាចប្រព្រឹត្តទៅរួមគ្នា ប្រទាក់ក្រឡាគ្នា និងបំពេញគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពស័ក្តិសិទ្ធិភាព និងសម្រេចបានជោគជ័យ។
បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុសរួចមក អង្គប្រជុំគណៈរដ្ឋមន្ត្រី បានសម្រេចប្រគល់ជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងផែនការ ដើម្បីពិនិត្យនិងកែសម្រួលជាចុងក្រោយ មុននឹងបញ្ជូនទៅរដ្ឋសភា នៅដើមខែឧសភាខាងមុខនេះ៕