ព្រឹទ្ធសភាអាមេរិក ច្រានចោលនូវការខិតខំកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់ការលក់អាវុធទៅឱ្យអ៉ីស្រាអែល ចំពោះមុខវិបត្តិសង្រ្គាមហ្កាហ្សា ក្រោយអ៉ីស្រាអែលបន្តការវាយប្រហារឡើងវិញ
វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ ២០២៥ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រឹទ្ធសភាអាមេរិក បានច្រានចោលនូវខិតខំកិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់ការលក់អាវុធទៅឱ្យអ៉ីស្រាអែល ក្នុងទំហំទឹកប្រាក់ ៨.៨ពាន់លានដុល្លារ ចំពោះមុខវិបត្តិសង្រ្គាមហ្កាហ្សា ក្រោយអ៉ីស្រាអែលបន្តការវាយប្រហារឡើងវិញ។
ព្រឹទ្ធសភាបានបោះឆ្នោត ក្នុងសំឡេង ៨២ទល់នឹង១៥ និងសំឡេង ៨២ទល់នឹង១៥ ដើម្បីបដិសេធដំណោះស្រាយចំនួនពីរ ដែលមិនគាំទ្រការលក់គ្រាប់បែក និងសម្ភារយោធាផ្សេងទៀតទៅឱ្យអ៉ីស្រាអែល។ ដំណោះស្រាយនេះត្រូវបានដាក់ជូន ដោយសមាជិកព្រឹទ្ធសភានៃរដ្ឋ Vermont គឺលោក Bernie Sanders ដែលគេស្គាល់ថាជាអ្នកឯករាជ្យម្នាក់ មានទំនាក់ទំនងល្អជាមួយគណបក្សប្រជាធិបតេយ្យ។
នៅក្នុងសុន្ទរកថាដើម្បីជំរុញឱ្យមានការគាំទ្រ លោក Sanders បានលើកឡើងពីចំនួនជនស៉ីវិលស្លាប់ ជាមួយនិងកុមាររាប់ពាន់នាក់ ប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លាន ជាពិសេសការបិទផ្លូវជំនួយមនុស្សធម៌ នាពេលថ្មីៗនេះ។
គួរបញ្ជាក់ថា ក្រោយចូលកាន់តំណែងនៅខែមករា លោក ដូណាល់ ត្រាំ បានកែប្រែកិច្ចខិតខំប្រឹងប្រែងដាក់កម្រិត លើការបញ្ជូនអាវុធទៅអ៉ីស្រាអែលរបស់រដ្ឋបាលមុន។ តាមច្បាប់អាមេរិក ព្រឹទ្ធសភាមានសិទ្ធិក្នុងការពិនិត្យមើល ការលក់អាវុធទៅឱ្យបរទេស ប៉ុន្តែដំណោះស្រាយណាមួយ អាចត្រូវបានរារាំងដោយការមិនយល់ព្រមពីសមាជិក៕