សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយដាក់មូលដ្ឋានកងទ័ពនៅកម្ពុជានោះឡើយ មិនថាអតីកាល ថ្ងៃនេះ ថ្ងៃស្អែក ឬទៅថ្ងៃអនាគត។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិននាពេលនេះ គឺជាសមិទ្ធផលយ៉ាងធំធេង និងជាមរតកប្រវត្តិសាស្រ្តសម្រាប់កងទ័ពកម្ពុជា និងមិត្តភាព និងបង្កើនទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ ក្នុងការពង្រឹងសន្តិសុខក្នុងលំហសមុទ្រ។
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កងទ័ព មិនត្រឹមជាកម្លាំងស្នូលក្នុងការការពារទឹកដីប៉ុណ្ណោះទេ តែកងទ័ពក៏ជាចំណែកចូលរួមដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិផងដែរ។
សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម ការធ្វើទំនើបកម្មកងទ័ព នោះហើយគឺជាការគិតគូរអំពីការការពារអធិបតេយ្យភាពជាតិ ទប់ទល់នឹងការឈ្លានពានពីខាងក្រៅ ៕