សម្តេចធិបតី៖ គ្មាននរណាការពារបូរណភាពទឹកដីកម្ពុជា បានល្អប្រសើរជាការពង្រឹងមូលដ្ឋានទ័ពរបស់កម្ពុជានោះឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចតែងប្រាប់មេដឹកនាំប្រទេសជាមិត្តថា គ្មាននរណាការពារបូរណភាពទឹកដីកម្ពុជា បានល្អប្រសើរជាការពង្រឹងមូលដ្ឋានទ័ពរបស់កម្ពុជានោះឡើយ។
ការថ្លែងបែបនេះរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រពីបណ្ដាប្រទេសជាមិត្តទាំងអស់ ពិតជាបានជួយឱ្យកម្ពុជាមានប្រព័ន្ធហ្វឹកហ្វឺនកាន់តែប្រសើរឡើងជាលំដាប់។
សម្តេចបវរធិបតី បានបញ្ជាក់ថា ដោយសង្គ្រាមបច្ចេកវិទ្យា បាននិងកំពុងវិវត្តប្រកបដោយភាពពិបាកប៉ាន់ស្មាន ការបណ្តុះបណ្តាលយោធិនអាជីព និងការហ្វឹកហ្វឺនជំនាញឯកទេស ចាំបាច់ត្រូវតែពង្រឹង ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹង ការវិវត្តនៃការរីកចម្រើននៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើប។ ដូច្នេះកិច្ចការចាំបាច់ដែលត្រូវធ្វើ បន្ទាប់ពីយើងសម្រេចបាននូវសមិទ្ធផលនៅផែរាមនាពេលនេះ គឺការបន្តហ្វឹកហ្វឺន បង្កើនសមត្ថភាពជំនាញ ក៏ដូចជា អាជីពរបស់កងទ័ពឱ្យកាន់តែប្រសើរឡើងថែមទៀត ៕